ព័ត៌មានជាតិ

សម្ដេចតេជោ សំណូមពរ អ្នកទទួលបានសំបុត្រ ទស្សនាបាល់ទាត់ តែមិនទៅទស្សនា សូមឲ្យសំបុត្រទៅអ្នកផ្សេង

" "

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរ ដល់អ្នកទទួលបានសំបុត្រ ចូលទស្សនាបាល់ទាត់ហើយ តែមិនទស្សនា សូមឲ្យសំបុត្រនោះ ទៅអ្នកផ្សេងៗទៀត ព្រោះកន្លែងមានកំណត់ ។
សូមរំលឹកថានៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ក្រុមបាល់ទាត់កម្ពុជា នឹងប៉ះជាមួយហ្វីលីពីន។

នាឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សំបុត្រចូលទស្សនាបាល់ទាត់ គឺធ្វើឡើងតាមតម្រូវការចំនួនកៅអី មិនអាចលើសពីនោះបានឡើយ។

" "

សម្ដេចតេជោ បញ្ជាក់ថា «ព្រឹកមិញនេះ ឯកឧត្ដម ថោង ខុន រាយការណ៍ឲ្យខ្ញុំ គឺសំបុត្ររបស់យើង ខ្ញុំសុំស្នើប៉ុនណេះ សំបុត្ររបស់យើង គឺតម្រូវទៅតាមទីកន្លែង មិនអាចទៅលើពីហ្នឹងទេ ហើយសំបុត្រ ១ ត្រូវមើល ២ប្រកួតដដែ ព្រោះបើមិនអញ្ចឹងវាអាចនឹងមានបញ្ហាអ្នកចេញ ក៏មិនចេញ អ្នកចូលក៏មិនចូល វាទៅជាន់គ្នា អញ្ចឹងសំបុត្រ ១ ត្រូវមើល ២ប្រកួតតែម្ដង»។

" "

សម្ដេចតេជោ បន្ថែមថា ចំពោះអ្នកទទួលបានសំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ហើយ បើមិនទៅទស្សនា គឺត្រូវឲ្យអ្នកផ្សេងៗ។

សម្ដេចតេជោ គូសបញ្ជាក់ទៀតថា «ខ្ញុំក៏សូមសំណូមពរអ្នកដែលបានទទួលលិខិត បើកាលណាខ្លួនបានទទួលសំបុត្រហើយ តែខ្លួនមិនបានទៅ ខ្លួនត្រូវប្រគល់ឲ្យអ្នកដទៃទៅ បើមិនដូច្នេះទេកៅអីរបស់យើងនឹងចំហៗ»។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ណែនាំដល់ប្រជាពលរដ្ឋ កុំសម្រុកទៅមើលការប្រកួតបាល់ទាត់ ក្នុងពេលដែលខ្លួនមិនមានសំបុត្រចូលទស្សនា សូមមើលស្លាយដែលអាជ្ញាធរ បានរៀបចំ ៕

To Top