គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន និង សហភាពអឺរ៉ុប បានយល់ព្រមបន្តរយៈពេលមួយឆ្នាំ នូវរបបពាណិជ្ជកម្ម អនុគ្រោះរបស់ពួកគេ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៥ ខែមិថុនា ។
អ៊ុយក្រែន និងសហភាពអឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការបន្ត “របបគ្មានទិដ្ឋាការសេដ្ឋកិច្ច” សម្រាប់មួយឆ្នាំទៀត។ លោក Shmyhal បានសរសេរនៅក្នុងសារបង្ហោះ នៅលើបណ្ដាញ Telegram ថាអាជីវកម្មអ៊ុយក្រែន នឹងអាចបន្តលក់ទំនិញរបស់ពួកគេទៅសហភាពអឺរ៉ុប ដោយគ្មានកូតា ឬពន្ធ។
លោក Shmyhal បានលើកឡើងថា ការបន្តច្បាប់ពាណិជ្ជកម្ម អនុគ្រោះនឹងរួមចំណែកដល់ការ រស់ឡើងវិញ នៃសេដ្ឋកិច្ចអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកបានកត់សម្គាល់ថា ការចូលប្រើប្រាស់ផលិតផលកសិកម្ម របស់អ៊ុយក្រែនទៅកាន់ទីផ្សារអឺរ៉ុប ត្រូវបានស្ដារឡើងវិញមួយផ្នែកបន្ទាប់ពីមានបម្រាមដោយប្រទេសជិតខាងចំនួន ៥។
លោក Shmyhal បានបន្ដថា គណៈកម្មការអឺរ៉ុប បានបង្កើតយន្តការ សម្រុះសម្រួលមួយ ដែលដាក់កំហិតជាបណ្ដោះអាសន្នអ៊ុយក្រែន ពីការនាំចេញផលិតផលកសិកម្មចំនួន ៤ប្រភេទទៅកាន់ប្រទេសជិតខាង។
របបពាណិជ្ជកម្មអនុគ្រោះអ៊ុយក្រែន-សហភាពអឺរ៉ុប ការលុបចោលពន្ធគយ និងកូតាលើទំនិញឧស្សាហកម្ម និងម្ហូបអាហាររបស់អ៊ុយក្រែន បានចូលជាធរមាននៅខែមិថុនា ឆ្នាំ ២០២២ ។ កាលពីខែមុន ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី ប៊ុលហ្គារី និងរូម៉ានី បានដាក់កំហិតការនាំចូល ជាឯកតោភាគីលើទំនិញ កសិកម្មពីអ៊ុយក្រែន ៕