ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​រឹបអូស​នាវា​ដឹក​ប្រេង ៣គ្រឿង​ក្នុង​មួយ​សប្តាហ៍ ​ចំពេល​មានការ​ប្រឈម មុខ​ដាក់គ្នាជាមួយ​អាមេរិក​

តេអេរ៉ង់៖ កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ង់ បានរឹបអូសនាវា ដឹកប្រេងនៅច្រកសមុទ្រ ហ៊ូមូហ្ស ដែលជាឧប្បត្តិហេតុរឹបអូស លើកទីពីរនៅក្នុងតំបន់ ក្នុងរយៈពេលមួយសប្តាហ៍ ខណៈដែលភាពតានតឹង ជាមួយសហរដ្ឋអាមេរិកនៅតែបន្ត។

កងនាវាចរទី៥ របស់អាមេរិកដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា និងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃពុធថា កងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ឈប់នាវា ដឹកប្រេងនៅក្នុងផ្លូវទឹកដ៏មមាញឹក ដែលជាការធ្វើសកម្មភាពរឹបអូស ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះ។

វីដេអូដែលបានចេញផ្សាយដោយកងនាវាទី៥ ហាក់ដូចជាបង្ហាញអំពីនាវា IRGC វាយប្រហារលឿនរាប់សិបគ្រឿង ចូលទៅជិតកប៉ាល់ដឹកប្រេង ដែលត្រូវបានកំណត់ថាមានទង់ជាតិប៉ាណាម៉ា ។ សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាដឹកប្រេងត្រូវបានបង្ខំឱ្យបញ្ច្រាសផ្លូវ ចូលទៅក្នុងដែនទឹកអ៊ីរ៉ង់ក្នុងអំឡុងពេល “ការរឹបអូសដោយខុសច្បាប់” ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA របស់អ៊ីរ៉ង់ បានបញ្ជាក់ថា នាវានេះត្រូវបានរឹបអូសដោយ IRGC ប៉ុន្តែមិនបានបន្ថែមព័ត៌មានលម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ទីភ្នាក់ងារសារព័ត៌មាន Mizan របស់តុលាការអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋអាជ្ញាក្រុងតេអេរ៉ង់ បានឲ្យដឹងថា ការរឹបអូសនេះ គឺជាលទ្ធផល នៃដីការបស់តុលាការ បន្ទាប់ពីពាក្យបណ្តឹងរបស់ដើមបណ្តឹង។ IRGC មិន​បាន​បញ្ជាក់​ភ្លាមៗ​អំពី​ឈ្មោះនាវា ឬ​មូលហេតុ​ដែល​នាវា​ត្រូវ​បាន​បញ្ឈប់​នោះ​ទេ។

ប៉ុន្មានថ្ងៃមុននេះ កងកម្លាំងជើងទឹកនៃកងទ័ពអ៊ីរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងមួយផ្សេងទៀត នៅឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននៅក្នុងអ្វីដែលកងនាវាទី៥ ចាត់ទុកថា ជាការបំពានច្បាប់អន្តរជាតិ និងជាការគំរាមកំហែងដល់សន្តិសុខដែនសមុទ្រ និងសេដ្ឋកិច្ចពិភពលោក។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបញ្ជាក់ថា កប៉ាល់ដឹកប្រេងដែលគ្រប់គ្រងដោយប្រទេសតួកគី ឈ្មោះ អែតវេនធេក ស្វីត ដែលធ្វើដំណើរទៅកាន់ទីក្រុងហួស្ដុន រដ្ឋតិចសាសន៍ ដែលដឹកប្រេងឆៅគុយវ៉ែត សម្រាប់ក្រុមហ៊ុនថាមពលអាមេរិក Chevron Corp បានបុកជាមួយកប៉ាល់អ៊ីរ៉ង់ បណ្តាលឲ្យនាវិកជាច្រើននាក់បាត់ខ្លួន និងរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា

To Top