បរទេស ៖ ភ្នាក់ងារចារកម្មអ៊ុយក្រែន ត្រូវបានចាប់ខ្លួន ដោយកងកម្លាំង របស់ប្រទេសរុស្សី ក្រោយរកឃើញថា ពួកគេបានរៀបចំផែនការ ក្នុងការវាយប្រហារចូលជ្រៅ ទៅដល់មូលដ្ឋាន ទ័ពអាកាស របស់ប្រទេសរុស្សី នៅភាគកណ្តាល នៃប្រទេស។
យោងតាមការប្រកាស ដោយទីភ្នាក់ងារសន្តិសុខជាតិ រុស្សីឬ FSB កាលពីថ្ងៃអាទិត្យម្សិលមិញ និងត្រូវបានយកចេញ ផ្សាយដោយ RT បានឲ្យដឹងដែរថា ភ្នាក់ងារសំងាត់អ៊ុយក្រែន បានប្រើប្រាស់យន្តហោះដឹកទំនិញ ធន់តូច A-32 ដើម្បីដឹកគ្រាប់បែកពីភាគខាងជើង អ៊ុយក្រែន ទៅដល់តំបន់ Tulaប្រទេសរុស្សី ។
អ៊ុយក្រែន បានរៀបចំផែនការ ដោយមានការសហការជាមួយនឹងពលរដ្ឋ ក្នុងស្រុករបស់រុស្សី ដើម្បីអាចគោលបំណងសំខាន់វាយប្រហារ ទីតាំងមូលដ្ឋានទ័ពអាកាសរុស្សី និង កន្លែងដែលចំណត របស់យន្តហោះយកការណ៍ប្រភេទ A-50 ជាច្រើនគ្រឿង របស់ប្រទេសរុស្សី ដែលស្ថិតនៅចំងាយប្រមាណជា ២៥០គីឡូម៉ែត្រពីទីក្រុងមូស្គុ។
ដំណឹងនេះកើតឡើង បន្ទាប់ពីមានហេតុការណ៍វាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើ ស្ថានីយស្តុកប្រេង លើទឹកដីរុស្ស៊ីនិងហេតុការណ៍ កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះ UAVs ពីរគ្រឿង បានព្យាយាមវាយប្រហារ វិមានក្រឹមឡាំង នៅក្នុងអ្វីដែលមន្ត្រីរុស្ស៊ីបាននិយាយថា ជាការប៉ុនប៉ងរបស់ទីក្រុងគៀវ ដើម្បីធ្វើឃាតប្រធានាធិបតី Vladimir Putin ៕
ប្រែសម្រួល៖ស៊ុនលី