ព័ត៌មានជាតិ

លោក ម៉ប់ សារិន សរសើរអាជ្ញាធរ រាជធានីភ្នំពេញ អនុវត្តការងារល្អ លើការរៀបចំរថយន្តក្រុង ដឹកពលរដ្ឋទៅតាមខេត្ត នាថ្ងៃចូលឆ្នាំ

ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ ចំពោះអាជ្ញាធររាជធានី ដែលអនុវត្តការងារបានល្អ ក្នុងការរៀបចំ ឲ្យមានរថយន្តក្រុង ដឹកជញ្ជូនប្រជាជនពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្ត មកកាន់រាជធានីវិញ ដោយមិនបង់ប្រាក់ក្នុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ការរៀបចំពិធីសង្ក្រាន្តវត្តភ្នំ ប្រកបដោយជោគជ័យ ។

ជាមួយគ្នានោះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក៏បានរៀបចំចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈបានល្អប្រសើរផងដែរ ។

ការកោតសរសើរបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃ១១ ឧសភា ក្នុងឱកាសលោក ម៉ប់ សារិន និងលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅនេះ បានរៀបចំឲ្យមានរថយន្តក្រុង ចំនួន៣៤៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាជន ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្ត មកកាន់រាជធានីភ្នំពេញវិញ ដោយមិនបង់ប្រាក់ ធ្វើឲ្យប្រជាជនសាទរ និងគាំទ្រយ៉ាងច្រើនលើសលប់។ បន្ថែមពីនេះ រដ្ឋបាលរាជធានី រៀបចំពិធីសង្ក្រាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ប្រកបដោយជោគជ័យ និងបានបង្កលក្ខណៈទាក់ទាញប្រជាជន ភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករ ជាងបណ្តាឆ្នាំកន្លងទៅ ដោយបានចូលរួមលេងកម្សាន្ត សប្បាយរីករាយអស់ពីចិត្តក្រោមម្លប់សន្តិភាព និងក្រោមម្លប់នៃបារមីដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។

លោកម៉ប់ សារិន បន្តថា ក្រោមម្លប់សន្តិភាព និងក្រោយពីស្ថានភាពជំងឺកូរីដ-១៩ បានធូស្រាល និងយោងតាមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ឆ្នាំនេះការរៀបចំសង្ក្រាន្ត នៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងទូលំទូលាយ និងល្អប្រសើរ ដែលតាមតួលេខរបស់ក្រសួងទេសចរណ៍ មានមហាជន ចូលរួមរហូតដល់ជាង ១៣លាននាក់ ។ ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការជាមួយថ្នាក់ជាតិ ក្នុងការរៀបចំការពារ សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ លើព្រឹត្តិការណ៍ធំៗ២ គឺទី១-ការរៀបចំសង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ ដែលមានមហាជនចូលរួមជាង១លាននាក់ ប្រកបដោយ សុវត្ថិភាពយ៉ាងសប្បាយរីករាយ និងទី២ គឺព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីខកខានអស់រយៈពេល៦៤ឆ្នាំ បានធ្វើឲ្យមតិជាតិ និងអន្តរជាតិកោតសរសើរយ៉ាងខ្លាំង ទាំងការរៀបចំ ចាត់ចែង ធានាសន្តិសុខ សុវត្ថិភាព សោភ័ណភាព អនាម័យសាធារណៈ បានល្អប្រសើរ ពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេស បានចូលរួមទស្សនា ការប្រកួតកីឡាស៊ីហ្គេមនេះ និងទទួលបានមេដាយច្រើនលើសលប់ ហួសពីការស្មានដែលនេះជាមោទកភាពជាតិ។

ក្នុងនោះដែរ លោក មាន ចាន់យ៉ាដា ក៏បានលើកឡើងដែរថា ការកោតសរសើរ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ចំពោះអាជ្ញាធររាជធានី គឺជាការលើកទឹកចិត្ត ដើម្បីឲ្យអាជ្ញាធរ អនុវត្តការងារកាន់តែល្អបន្ថែមទៀត ។ លោកបន្តថា អ្វីដែលត្រូវអនុវត្តបន្តនោះ គឺការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែល្អប្រសើរ ទាំងក្រុមប្រឹក្សារាជធានី រដ្ឋបាលរាជធានីនិងរដ្ឋបាលខណ្ឌ-សង្កាត់ ពិសេសការកាត់បន្ថយភាព អសកម្មនានា ដើម្បីទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋបន្ថែមទៀត ៕

To Top