ព័ត៌មានអន្តរជាតិ

អតីតប្រធាន ទីភ្នាក់ងារអវកាសថា រុស្ស៊ីមិនបាញ់ទម្លាក់ ផ្កាយរណប Starlink នោះទេ

បរទេស ៖ លោក Dmitry Rogozin អតីតប្រធានទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី មានឧបករណ៍ដែលត្រូវការ ដើម្បីបិទផ្កាយរណបអរិភាព ប៉ុន្តែបដិសេធមិនធ្វើដូច្នេះ ដើម្បីជៀសវាងការកើន ឡើងភាពតានតឹង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ Moscow Speaking លោក Rogozin ត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយ អំពីសមត្ថភាពរបស់រុស្ស៊ី ក្នុងការបំផ្លាញផ្កាយរណប លោកខាងលិច រួមទាំងប្រព័ន្ធផ្កាយរណប Starlink ដែលដំណើរការដោយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី លោក Elon Musk ផងដែរ ។

អតីតប្រធាន Roscosmos ដែលឥឡូវនេះបញ្ជាកងកម្លាំងប្រយុទ្ធស្ម័គ្រចិត្ត ដែលមានឈ្មោះថា ‘Tsar’s Wolves’ បាននិយាយថា “ប្រសិនបើយើងត្រូវការកម្ទេច បំផ្លាញរាងកាយ ឬគ្រាន់តែបន្សាប ក្រុមតារានិករគន្លងរបស់សត្រូវ… នោះយើងនឹងធ្វើវាបានយ៉ាងលឿន។ យើងមានមធ្យោបាយចាំបាច់ទាំងអស់ សម្រាប់រឿងនេះ” ។

ទោះជាយ៉ាងណាក៏ដោយ លោក Rogozin បានព្រមានថា ការវាយប្រហារ ឬសកម្មភាពផ្សេងទៀត ដែលស្វែងរកការបិទផ្កាយរណប នឹងត្រូវបានគេមើលឃើញថា ជា ស្ថានការណ៍ឈ្លានពានជាសង្គ្រាម ។ «នេះ​ជា​លេស​សម្រាប់​សង្គ្រាម ដែល​នឹង​ហក់​ចូល​ទៅ​ក្នុង​លំហ»។

លោកបានបន្ថែមថា រុស្ស៊ីនឹង ប្រឈមមុខនឹងការសងសឹក ដោយភ្លាមៗនោះនឹងបាត់បង់ផ្កាយរណបផ្ទាល់ខ្លួនទាំងអស់ ហើយថា នេះនឹងនាំឱ្យមានការកើន ឡើងភាពតានតឹង និងអាចបង្កជាសង្គ្រាម៕

ប្រែសម្រួលៈ ណៃ តុលា

To Top