ព័ត៌មានអន្តរជាតិ

មេដឹកនាំ​ជប៉ុន និង​អាមេរិក ​យល់ព្រម​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ បច្ចេកវិទ្យា​ទំនើប​

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយអាកប្បកិរិយា អះអាងរបស់ទីក្រុងប៉េកាំង និងបង្កើនកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើឧបករណ៍ semiconductors និងបញ្ញាសិប្បនិមិត្ត ចំពេលមានការកើនឡើងនៃ ការប្រកួតប្រជែងបច្ចេកវិទ្យាអាមេរិក-ចិន។

នៅឯកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូល ក្រុមប្រទេសទាំង៧ មេដឹកនាំទាំងពីរក៏បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃការពង្រឹងសម្ព័ន្ធ សន្តិសុខទ្វេភាគី និងបានទទួលស្គាល់ថាការទប់ស្កាត់ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ឱ្យជប៉ុនគឺ “ចាំបាច់” សម្រាប់សន្តិសុខនៃសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់ និង នេះ​បើ​តាម​មន្ត្រី​ជប៉ុន។

លោក គីស៊ីដា បានលើកឡើងនៅដើមដំបូងនៃកិច្ចចរចាថា “សម្ព័ន្ធភាពជប៉ុន-អាមេរិក គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ខណៈលោក បៃដិន បានឲ្យដឹងថា “ពិភពលោកទាំងមូលមានសុវត្ថិភាពជាង” នៅពេលដែលសម្ព័ន្ធមិត្តទាំងពីរ មានតម្លៃរួម និងការឈរនៅជាមួយគ្នា។

មេដឹកនាំទាំងពីរបានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការ បន្តគាំទ្រអ៊ុយក្រែន ខណៈដែលខ្លួនការពារខ្លួនពីការឈ្លានពាន របស់រុស្ស៊ី ហើយបានប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់ ដូចជាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង និង “អាកប្បកិរិយាបង្ខិតបង្ខំ” ដោយប្រទេសចិន ដែល ដំណើរការប្រឆាំងនឹងអន្តរជាតិ។

ទាំងលោក គីស៊ីដា និងលោក បៃដិន ក៏បានបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន និងសហរដ្ឋអាមេរិក ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់ពួកគេ ចំពោះសម្ពាធរបស់ចិនលើកោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកជាខេត្តបំបែកដើម្បីរួបរួមគ្នាជាមួយ ដីគោកដោយកម្លាំងបើចាំបាច់។

ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅរបស់ភាគីទាំងពីរ លើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ប្រទេសទាំងពីរបានឲ្យដឹងថា ពួកគេគ្រោងនឹងចាប់ផ្តើម ភាពជាដៃគូថ្មីរវាងក្រុមហ៊ុន និងសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងវិស័យដូចជា quantum computing និង semiconductors ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top