ព័ត៌មានជាតិ

សមាជិក ប.ស.ស. ២រូប ដែលរងគ្រោះថ្នាក់ការងារ នៅខេត្តព្រៃវែង អរគុណដល់ ប.ស.ស. និងប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ចំពោះពួកគាត់

ព្រៃវែង៖ ក្នុងសប្តាហ៍នេះ លោក វាសនា ជីវី ប្រធានសាខា ប.ស.ស. ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំក្រុមការងារចុះមកពិនិត្យនូវស្ថានភាពជំងឺរបស់ជនរងគ្រោះ និងផ្ដល់ឧបករណ៍រណបសម្រាប់ប្រើប្រាស់ជាតម្រូវការ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ជនរងគ្រោះ ចំនួន២នាក់ ជាសមាជិក ប.ស.ស. ដែលបានទទួលរងគ្រោះថ្នាក់ការងារ ដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក បណ្ដាលឱ្យបាត់បង់សមត្ថភាពការងារស្ថិតនៅក្នុងស្រុកពាមរក៍ និងស្រុកស៊ីធរកណ្តាល។

ប្រធានសាខា ប.ស.ស. ខេត្តព្រៃវែង បានឱ្យដឹងថា៖ បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ កំពុងសម្រាកព្យាបាលមុខរបួសនៅឯគេហដ្ឋាន ដែលជនរងគ្រោះទី១ មានឈ្មោះ យក់ ឆារ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុគ្គលិកនៅ ធនាគារ ហត្ថា ម.ក ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់សមត្ថភាពការងារបណ្ដោះអាសន្ន និងជនរងគ្រោះទី២មានឈ្មោះ ហ៊ា តាំងអ៊ី ភេទស្រី អាយុ ២៦ឆ្នាំ អតីតកម្មករបម្រើការងារ នៅសហគ្រាសអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់សមត្ថភាពការងារអចិន្រ្ដៃយ៍ ។

បន្ទាប់ពីទទួលបានឧបករណ៍រណប ពីក្រុមការងារ ប.ស.ស. រួច ជនរងគ្រោះទាំងពីរនាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងកក់ក្ដៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិត ព្រមទាំង​ស្ថាប័ន ប.ស.ស. ដែលបានជួយពួកគាត់ក្នុងអំឡុងពេលជួបគ្រោះថ្នាក់ ដោយចេញថ្លៃព្យាបាលទាំងស្រុង និងផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគាត់ ហើយបន្ទាប់ពីគាត់បានធូរស្រាល ក៏នៅតែបន្ដសួរសុខទុក្ខ និងផ្ដល់ជាឈើច្រត់សម្រាប់ការផ្លាស់ទីរបស់គាត់បន្ថែមទៀត៕

To Top