ព័ត៌មានអន្តរជាតិ

Update​ ៖ ប្អូនស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង លោកស្រី Kim Yo Jong ប្តេជ្ញាថា នឹងបន្តបាញ់បង្ហោះផ្កាយរណប ចារកម្មជាច្រើនទៀត

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនល្បីល្បាញរបស់កូរ៉េខាងជើង គឺលោកស្រី Kim Yo Jong ដែលត្រូវជាប្អូនស្រីបង្កើតរបស់មេដឹកនាំ គីម ជុងអ៊ុន បានលើកឡើងថា ផ្កាយរណបចារកម្មយោធា របស់ប្រទេសលោកស្រីនឹងចូលទៅក្នុងគន្លង តារាវិថីក្នុងពេលឆាប់ៗនេះ ហើយបានសន្យាថា ក្រុងព្យុងយ៉ាង នឹងបង្កើនការឃ្លាំមើលយោធាបន្ថែមទៀត ។

លោកស្រី គីម ដែលជាមន្ត្រីរដ្ឋាភិបាល ដ៏មានឥទ្ធិពលម្នាក់នៅក្នុងសិទ្ធិផ្ទាល់ខ្លួនរបស់លោកស្រី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើសកម្មភាពអ្វីក៏ដោយ ដែលវាអាចមានក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន” ។

គួរបញ្ជាក់ផងដែរថា ការលើកឡើង របស់ លោកស្រីបានធ្វើឡើង បន្ទាប់ពីបានបរាជ័យក្នុង ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធម្សិលមិញ ។

សមាជិកសភាកូរ៉េខាងត្បូងម្នាក់បានលើកឡើងកាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងថា ការបាញ់បង្ហោះហាក់បី ដូចជាត្រូវបានប្រញាប់ប្រញាល់ ហើយប្រហែលជាត្រូវការពេលជាច្រើន សប្តាហ៍យ៉ាងហោចណាស់ ដើម្បីដោះស្រាយបញ្ហាគ្រាប់រ៉ុក្កែតរបស់ខ្លួន ។

នៅក្នុងការទទួលស្គាល់ដ៏កម្រមួយ នៃការបរាជ័យរបស់កូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ថា គ្រាប់រ៉ុក្កែតដែលផ្ទុកផ្កាយរណបឈ្លប យកការណ៍យោធាដែលគេស្គាល់ថា “Malligyong-1” បានធ្លាក់ចូលទៅក្នុងសមុទ្រ បន្ទាប់ពីឧបទ្ទវហេតុមួយបានកើតឡើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top