ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រដៅធ្ងន់ៗ និងចោទសួរទៅកាន់ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ដែលជាជនជាតិថៃតើធ្លាប់បានទាមទារឱ្យ លោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ បានវិលចូលស្រុកថៃវិញទេ ខណៈអតីតនាយករដ្ឋមន្រ្តីថៃទាំង២រូបនេះ ត្រូវបានទម្លាក់ដោយរដ្ឋប្រហារ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន នាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រដៅលោក វិទិត មុនតាប៊នកុំឱ្យជ្រុលហួសហេតុពេក ក្នុងការលើកយកបញ្ហាមិនពិត មករិះគន់លើប្រទេសកម្ពុជា។
សម្ដេតេជោនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឱ្យគេសរសើរលើសការពិតទេ សុំនិយាយតែការពិតទៅបានហើយ។ តំណាងពិសេសអគ្គលេខាធិការ អង្គការសហប្រជាជាតិ មុនតាប៊ន (លោក វិទិត មុនតាប៊ន) សុំឱ្យអ្នកឯងក្រឡេកមើលប្រទេសថៃ របស់អ្នកឯងទៅបានហើយ កុំហួសហេតុជ្រុលហួស! អ្នកឯងដែលបានទាមទារឱ្យ ថាក់ ស៊ីន យីងឡាក់ ចូលស្រុកទេ? ខ្ញុំសុំសួរទៅអ្នកឯង អ្នកឯងកុំមើលកម្ពុជាជា សំរាមក្នុងកែវភ្នែកអ្នកឯង! ខ្ញុំសុំប្រដៅអ្នកឯង!»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរអ្នកតំណាងអង្គការ សហប្រជាជាតិដែលជាជនជាតិថៃរូបនេះថា តើប្រទេសថៃមានប្រជាធិបតេយ្យ បែបណាហើយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា «ឥឡូវខ្លួនឯងជាជនជាតិថៃ ខ្ញុំមិនបង្អាប់អីជាមួយរដ្ឋាភិបាលថៃ ឬប្រជាជនថៃនោះទេ តែខ្ញុំចង់និយាយអំពីតំណាងពិសេស របស់អង្គការសហប្រជាជាតិ (លោក វិទិត មុនតាប៊ន)ដែលលើករឿង មិនត្រឹមត្រូវជាមួយកម្ពុជា។ ខ្ញុំគ្រាន់តែបញ្ជាក់ថាតើប្រទេសថៃ មានប្រជាធិបតេយ្យបែបណាហើយ» ៕