បរទេស ៖ សហរដ្ឋអាមេរិក នឹងបញ្ឈប់ការចែករំលែកព័ត៌មាន ដែលត្រូវការនៅក្រោមសន្ធិសញ្ញាអាវុធ នុយក្លេអ៊ែរដែលនៅសល់ចុងក្រោយ របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយរុស្ស៊ី ជាការសងសឹក ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូកាលពីដើមឆ្នាំនេះ ក្នុងការផ្អាកការចូលរួម នៅក្នុងកិច្ចព្រមព្រៀង ចំពេលមានភាពតានតឹងជុំវិញ ជម្លោះអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា “សហរដ្ឋអាមេរិកបានអនុម័តវិធានការណ៍តបតតាមច្បាប់ ជាការឆ្លើយតបទៅនឹង ការរំលោភបំពានបន្តរបស់សហព័ន្ធរុស្ស៊ីចំពោះសន្ធិសញ្ញា New START” ។ លោកបានអះអាងថា ការផ្អាករបស់រុស្ស៊ីលើសន្ធិសញ្ញានេះគឺ «មិនត្រឹមត្រូវតាមផ្លូវច្បាប់» ហើយថា ក្រុងម៉ូស្គូនៅតែជាប់កាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។
លោក Blinken បាននិយាយទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោននឹងកាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួននៅក្រោមកតិកាសញ្ញាឆ្នាំ២០១០ ដែលកំណត់ចំនួនក្បាលគ្រាប់ និងមធ្យោបាយនៃការចែកចាយរបស់ក្បាលគ្រាប់ ដើម្បី “ជំរុញ” ទៅតាមការអនុវត្តរបស់រុស្ស៊ី។ លោកបានបន្ថែមថា ទីក្រុងមូស្គូត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនជាមុន ហើយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន រួចជាស្រេចដើម្បី “ផ្លាស់ប្តូរវិធានការតបតវិញ និងអនុវត្តសន្ធិសញ្ញានេះ ឱ្យបានពេញលេញ ប្រសិនបើរុស្ស៊ីត្រឡប់ទៅគោរពតាម” ៕
ប្រែសម្រួលៈ ណៃ តុលា