ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារឧតុនិយម របស់ឥណ្ឌា ព្រមានថា ព្យុះស៊ីក្លូន Biparjoy នឹងបោកបក់ ចេញពីតំបន់ ភាគខាងជើង មកភាគឦសាន នៃប្រទេសឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា នាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាហៅកាត់ថា (IMD) បានព្រមានថា ព្យុះស៊ីក្លូន ឈ្មោះ Biparjoy កាន់តែមានកម្លាំងខ្លាំងឡើងៗ ខណៈកំពុងផ្លាស់ទីពីទិសខាងជើងធ្វើដំណើរឆ្ពោះទៅទិសភាគឦសាន នៅក្នុងរយៈពេល២៤ម៉ោងក្រោយ នៅមុនពេលព្យុះនេះបង្វែរទិសដៅបន្តិចម្ដងៗ ទៅទិសខាងជើងឆ្ពោះទៅខាងលិចវិញ នៅក្នុងរយៈពេល៣ថ្ងៃខាងមុខ ។

ល្បឿននៃខ្យល់ព្យុះនេះ គឺ១៣៥ដល់១៤៥គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានគេរំពឹងថា នឹងកើនឡើង លាយឡំជាមួយនឹងភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំងដែលត្រូវបានព្យាករណ៍ សម្រាប់តំបន់ឆ្នេរ Karnataka, Goa និង Maharashtra ផងដែរ ។

ឆ្នេរសមុទ្រ Tithal នៅក្នុងរដ្ឋ Gujarat ត្រូវបានបិទរហូតដល់ថ្ងៃទី១៤ ខែមិថុនា ដោយសាររលកខ្ពស់ និងខ្យល់បោកបក់ខ្លាំងដោយអ្នកនេសាទត្រូវបានព្រមានឱ្យជៀសវាងការធ្វើដំណើរ តាមផ្លូវសមុទ្រ ។

យ៉ាងណាមិញ លទ្ធភាពនៃព្យុះ ដែលប៉ះពាល់ដល់រដ្ឋ Gujarat មានតិចតួចក៏ដោយ តែលោកនាយករដ្ឋមន្រ្ដីរដ្ឋ Bhupendra Patel បានណែនាំដល់ស្រុកឆ្នេរសមុទ្រឱ្យរក្សាការប្រុងប្រយ័ត្នជានិច្ច ។

តាមការព្យាករណ៍អាកាសធាតុ នៅរដ្ឋ Kerala ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ផ្គរ រន្ទះ និងផ្លេកបន្ទោរក្នុងរយៈពេល៤ថ្ងៃខាងមុខនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top