ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបុគ្គលម្នាក់ដែលមានឈ្មោះ ស ឡុងដេត ជាសមាជិករបស់គណបក្សប្រឆាំងនៅកម្ពុជា ឲ្យត្រឡប់មកវិញជាបន្ទាន់ កុំរត់ទៅថៃ ក្រោយទៅដល់ច្រកចាំយាម ហើយឆ្ពោះទៅព្រំដែនខេត្តកោះកុង ត្រៀមទៅថៃ។
សម្តេចតេជោ បានដាក់បញ្ជាឲ្យអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជាបើឃើញបុគ្គលរូបនេះ ត្រូវមានចាប់ខ្លួន ព្រោះបុគ្គលនេះ មានដីកាតុលាការ បើសិនរូបគេមិនព្រមត្រឡប់មកផ្ទះដោយខ្លួនឯង ។
បើតាមសម្តេចបានទទួលព័ត៌មានមកថា យប់មិញបុគ្គលរូបនេះ បានរត់គេចខ្លួនមានបំណងប្រុងរត់គេចទៅថៃ ដូច្នេះបើទៅដល់ថៃហើយ ក៏ត្រូវចាប់បញ្ជូនមកវិញដែរ កុំគិតថា រួចខ្លួនឲ្យសោះ ។
សម្តេចក៏បានផ្ញើសារ ពីទីកន្លែងជួបសំណេះសំណាល ជាមួយកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនាថ្ងៃ១៣ មិថុនា ថា បើ ស ឡុងដេត បានលឺពីការប្រកាសឲ្យមកវិញហើយ មកផ្ទះវិញមក។
បើតាមសម្តេចតេជោ គឺ ស ឡុងដេតនេះ បានជាប់បណ្តឹងពីគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម ដោយបុគ្គលនេះ បានចោទប្រកាន់ថា មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ បានចូលរួមទស្សនាស៊ីហ្គេម និងថា គ្មានបានបង្ហាញពីវប្បធម៌ខ្មែរ។ ចំណុចនេះសម្តេចតបថា ជាការចោទប្រកាន់ ផ្ទុះស្រឡះ ខុសពីការពិត ព្រោះមានមនុស្សជាច្រើន ចូលរួមទស្សនាយ៉ាងកុះកុញ ។
សូមបញ្ជាក់ថា ស ឡុងដេត ជាមន្រ្តីគណបក្សភ្លើងទៀន មានទីលំនៅខណ្ឌសែនសុខ បាននិយាយ ជាសាធារណៈក្នុងកិច្ចប្រជុំ របស់ក្រុមគេនៅខណ្ឌឬស្ស៊ីកែវថា “ស៊ីហ្គេម រៀបចំដោយ គ.ជ.ប.អ ទាំង មូលមិនដែលបានបង្ហាញពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ជាតិខ្មែរទេ និងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល និងអ្វីៗជារឿងក្លែងក្លាយទាំងអស់”។ នេះបើតាមគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ ប៉ុន្តែគ.ជ.ប.អ តបថា ការចោទប្រកាន់នេះ ជាការបំផ្លើស ខុសពីការពិតទាំងស្រុង៕