ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន សម្រេច​កំណត់​ពេលរំលាយសភា និង​បោះឆ្នោត ​ដោយ​វាយ​តម្លៃលើ​កាលៈទេសៈ

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងសម្រេចចិត្តថា នៅពេលណាដែលត្រូវរំលាយសភា តំណាងរាស្រ្ត បន្ទាប់ពីបានវាយតម្លៃពី “កាលៈទេសៈផ្សេងៗ” ចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា លោកនឹងហៅការបោះឆ្នោតមួយនៅចុងបញ្ចប់នៃសមាជ ដែលកំពុងបន្តរហូតដល់ថ្ងៃទី២១ ខែមិថុនា។

លោក គីស៊ីដា ក៏បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោក គឺ “ដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានពន្យារពេល” រហូតមកដល់បច្ចុប្បន្ន។ នាយករដ្ឋមន្ត្រីបានឲ្យដឹងកាលពីចុងខែមុនថា លោកមិនពិចារណារំលាយសភាជាន់ទាប “សម្រាប់ពេលនេះទេ”។

លោកត្រូវបានគេមើលឃើញថា កំពុងងាកទៅរកការហៅការ បោះឆ្នោតសកលមួយនាពេលខាងមុខមិនឆ្ងាយប៉ុន្មានទេ ដោយប្រជាប្រិយភាពរបស់លោក បានងើបឡើងវិញដោយសារ តែសមិទ្ធិផលផ្នែកការទូតដូចជាការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង៧ នៅក្នុងមណ្ឌលបោះឆ្នោតរបស់លោក នៅហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា។

លោក គីស៊ីដា បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មាន លម្អិតអំពីជំហានថ្មីរបស់រដ្ឋាភិបាលរបស់លោក ក្នុងការដោះស្រាយអត្រាកំណើត ដែលធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រទេសជប៉ុន រួមទាំងការដកចេញនូវដែនកំណត់ប្រាក់ចំណូល សម្រាប់ប្រាក់ឧបត្ថម្ភចិញ្ចឹមកូន និងការបង្កើនការបង់ប្រាក់ សម្រាប់ការឈប់សម្រាកមាតាបិតា។

រដ្ឋាភិបាលបានសន្យាថានឹងជំរុញការចំណាយប្រចាំឆ្នាំលើការថែទាំកុមារប្រហែល ៣,៥ពាន់ពាន់លានយ៉េន (២៥ ពាន់លានដុល្លារ) ដែលជាកម្រិតមួយស្មើនឹងប្រទេសដូចជាប្រទេសស៊ុយអែត ដែលនាំមុខគេក្នុងរយៈពេលជាច្រើនឆ្នាំរហូតដល់សារពើពន្ធឆ្នាំ២០២៧ ប៉ុន្តែមិនទាន់បានសម្រេចចិត្តថាតើត្រូវផ្តល់មូលនិធិដោយរបៀបណា។

គណបក្សប្រឆាំងមួយចំនួនបានរិះគន់រដ្ឋបាលលោក គីស៊ីដា ចំពោះការប៉ុនប៉ងអនុវត្តការដំឡើងពន្ធទ្រង់ទ្រាយធំ ដើម្បីទទួលបានធនធានហិរញ្ញវត្ថុ សម្រាប់គោលនយោបាយចិញ្ចឹមកូនរបស់ខ្លួន និងផែនការពង្រីកថវិកាការពារជាតិរបស់ប្រទេសជប៉ុន។

លោក គីស៊ីដា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក នឹងមិនស្វែងរកបន្ទុកបន្ថែមលើសាធារណៈជន សម្រាប់គោលនយោបាយកុមារដោយសន្យាថា នឹង “កាត់បន្ថយការចំណាយឱ្យបានហ្មត់ចត់” នៅក្នុងវិស័យផ្សេងទៀត ដើម្បីធានាបាននូវថវិកាចាំបាច់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top