ព័ត៌មានជាតិ

៥ខែ កម្ពុជា ទទួលបានភ្ញៀវទេសចរ អន្តរជាតិ ជា២លាននាក់

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣ កម្ពុជា ទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់ ។ នេះជាការថ្លែងរបស់លោក ក្នុងកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃ១៤មិថុនា ។

លោករដ្ឋមន្ដ្រីបន្ដថា តាមការព្យាករក្នុង ឆ្នាំ២០២៣ កម្ពុជារំពឹង នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរ ក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថា ការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ នឹងត្រូវប្រើពេលក្នុងរង្វង់៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។

លោករដ្ឋមន្ដ្រី បន្ថែមថា ដើម្បីបន្តការគាំទ្រ ដំណើរឆ្ពោះទៅកាន់អនាគត កាន់តែប្រសើរ នៃវិស័យទេសចរណ៍កម្ពុជា ការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិ អភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង ៕

To Top