កំពង់ចាម៖ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឲ្យសភាពាណិជ្ជកម្មខេត្តកំពង់ចាម ធ្វើការពង្រឹងគ្រឹះរបស់ខ្លួនដើម្បីចាប់យក ឱកាសវិនិយោគបន្ថែមទៀត ក្នុងការបង្កើនសេដ្ឋកិច្ចនៅក្នុងតំបន់ ។
លោកអភិបាលខេត្ត បានជំរុញដូច្នេះនៅល្ងាចថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលយៀកថៃ ក្រុងកំពង់ចាម ក្នុងឱកាសទទួលទានអាហារសាមគ្គី ជាមួយគណៈអាជីវករក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដើម្បីធ្វើឲ្យមានជំនឿ មានអតិថិជនច្រើន អង្គភាពសភាពាណិជ្ជកម្ម ត្រូវមានសាមគ្គីភាព និងការឯកភាពគ្នា តាមរយៈការប្រជុំ ការពិគ្រោះយោបល់ សម្រេចដោយប្រធាន និងឈានដល់ការដាក់ចេញនូវ ការវិនិយោគ ការបណ្ដាក់ទុន ដែលនាំមកនូវការរីកចម្រើន ។
លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ ដល់សភាពាណិជ្ជកម្មខេត្ត ក្នុងការប្រកបអាជីវកម្ម និងទទួលបានសមាជិកច្រើន ពោលគឺ ការបង្កើតដៃគូបានច្រើននៅក្នុងការវិនិយោគ ។ ម្យ៉ាងទៀតរាជរដ្ឋាភិបាលបានសម្រេចហើយផងដែរ ក្នុងការផ្ដល់សិទ្ធិឲ្យរដ្ឋបាលខេត្ត មានសិទ្ធិសម្រេចនៃការវិនិយោគ ដែលមានទុនត្រឹមប្រាំលានដុល្លារចុះក្រោម ។ ដូច្នេះប្រការនេះសំខាន់ណាស់ ដែលយើងត្រូវរួមគ្នា ក្នុងការស្វែងរកដៃគូវិនិយោគ ឲ្យបានច្រើនដើម្បីបណ្ដាក់ទុនរកស៊ីជាមួយគ្នា ទាំងនៅក្នុងស្រុក និងនៅបរទេស ៕