ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលវៀតណាម នឹងកាត់បន្ថយអត្រាការប្រាក់ជាលើកទី៤ ក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច

ហាណូយ៖ ធនាគាររដ្ឋវៀតណាម (SBV) បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់គោលនយោបាយមួយចំនួនដោយ ៥០ចំណុចមូលដ្ឋានចាប់ពីថ្ងៃចន្ទស្អែកនេះ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បង្កើនវិធានការជំរុញសេដ្ឋកិច្ច ដើម្បីជំរុញសេដ្ឋកិច្ចដែលជំរុញការនាំចេញរបស់ខ្លួនធនាគាររដ្ឋវៀតណាម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ិនធរណេតថា អត្រានៃការផ្តល់ហិរញ្ញប្បទានឡើងវិញនឹងត្រូវបានកាត់បន្ថយមកត្រឹម ៤,៥ភាគរយ អត្រាបញ្ចុះតម្លៃដល់ ៣ ភាគរយ និងអត្រាការប្រាក់អន្តរធនាគារអេឡិចត្រូនិកពេញមួយយប់មកត្រឹម ៥ ភាគរយ។

ធនាគារកណ្តាលក៏បានឲ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយអត្រាការប្រាក់ ដែលធនាគារពាណិជ្ជអាចផ្តល់ជូនលើប្រាក់បញ្ញើដុងដែលមានកាលកំណត់ចាប់ពីមួយខែទៅប្រាំមួយខែមកត្រឹម ៤,៧៥ ភាគរយពី ៥ភាគរយ។

អ្នកជំនាញបានឲ្យដឹងថា ការផ្លាស់ប្តូរដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ គឺសំដៅជំរុញប្រាក់កម្ចីដល់គ្រួសារ និងអាជីវកម្ម ចំពេលមានការថយចុះនៃកំណើនសេដ្ឋកិច្ច ដែលទាក់ទងនឹងការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។

យោងតាមធនាគារកណ្តាល កំណើនឥណទាននៅក្នុងប្រព័ន្ធធនាគារក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៣,១៧ ភាគរយធៀបនឹងចុងឆ្នាំមុន ដែលទាបជាងកំណើនប្រហែល ៨ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងការប៉ុនប៉ង ដើម្បីទប់ទល់នឹងបញ្ហាដែលកំពុងប្រឈមមុខនឹងសេដ្ឋកិច្ច ធនាគារកណ្តាលរបស់ប្រទេសវៀតណាម បានកាត់បន្ថយអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនចំនួន ៤ដងមកទល់ពេលនេះក្នុងឆ្នាំនេះ។

កាលពីខែមុន ធនាគារកណ្តាលក៏បានបញ្ជាឱ្យអ្នកផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញរហូតដល់ខែមិថុនា ឆ្នាំ២០២៤ រួមទាំងការពន្យារពេលការសងប្រាក់កម្ចីរហូតដល់ ១២ខែសម្រាប់អាជីវកម្មមួយចំនួន ដែលប្រឈមនឹងការលំបាកចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top