តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បានប្រកាសថា ប្រទេសជប៉ុន គឺគ្មានជំងឺផ្តាសាយបក្សី នោះទេ ក្រោយពីសត្វបក្សីប្រមាណ១៧,៧លានក្បាល ត្រូវបានសម្លាប់នៅទូទាំងប្រទេស ជប៉ុន នាពេលកន្លងមកនេះ ។
ទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា អង្គការសុខភាព សត្វពិភពលោក ហៅកាត់ថា (WHO) បានបង្ហោះសេចក្តីប្រកាសគ្មាន ជំងឺគ្រុនផ្តាសាយបក្សី របស់ប្រទេសជប៉ុន នៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃចន្ទ ដោយផ្អែកលើសម្ភារៈដែលដាក់ជូនដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្រសួងកសិកម្មបានឲ្យដឹងថា ជំងឺគ្រុនផ្តាសាយបក្សីមិនត្រូវបានរកឃើញចាប់ តាំងពីមានករណីផ្ទុះឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមបសុបក្សីនៅទីក្រុង Chitose កោះ Hokkaido កាលពីថ្ងៃទី៧ ខែមេសា ដោយបញ្ជាក់ថា មេរោគនេះត្រូវបានលុបបំបាត់ ចេញពីកសិដ្ឋានបសុបក្សី និងកន្លែងផ្សេងទៀត នៅក្នុងប្រទេសរួចហើយ ។
ប្រទេសជប៉ុន បានកត់ត្រាចំនួនសត្វឆ្លងជំងឺផ្តាសាយបក្សីខ្ពស់បំផុតចាប់ពីខែតុលារ ហូតដល់ខែមេសា ។ យោងតាមសារព័ត៌មាន NHK បានឱ្យដឹងថា សត្វមាន់ និងសត្វស្លាបប្រហែល១៧,៧លានក្បាល ត្រូវបាននាំយកមកសម្លាប់ ចោលនៅកសិដ្ឋានចិញ្ចឹមមាន់ ចំនួន៨៤កន្លែង និងកន្លែងផ្សេងទៀត នៅទូទាំង២៦ខេត្ត នៅក្នុងរដូវកាលនេះ ។
សារព័ត៌មានដដែលនេះ បានផ្សាយថា មន្ត្រីក្រសួងបានអំពាវនាវ ដល់កសិករឱ្យធានាថា វិធានការរំងាប់មេរោគ និងវិធានការផ្សេងទៀត ត្រូវបានចាត់វិធានការដើម្បីការពារមេរោគមិនឱ្យរីករាលដាល នៅក្នុងរដូវកាលក្រោយៗទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា