ព័ត៌មានជាតិ

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ប្រារព្ធកម្មវិធីជួបជុំអតីតនិស្សិត សិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣

រូបភាពពីស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣ កាលពីថ្ងៃសុក្រទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Oakwood ក្នុងរាជធានីភ្នំពេញ។

កម្មវិធីនេះ សហការរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងKAAC(Korea Alumni Association of Cambodia) ហើយឧបត្ថម្ភដោយអង្គភាពទេសចរណ៍កូរ៉េ (សាខាទីក្រុងហាណូយ) និងសាជីវកម្មពាណិជ្ជកសិ-ជលផល និងអាហារ (សាខាទីក្រុងហូជីមិញ។

ក្នុងកម្មវិធីនេះ មានការចូលរួមពីអតីតនិស្សិតកម្ពុជា ប្រមាណ ១៥០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានសិក្សានៅសាកលវិទ្យាល័យ ក្នុងប្រទេសកូរ៉េ តាមរយៈកម្មវិធីផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ សម្រាប់និស្សិតបរទេស(GKS) និងកម្មវិធីអាហារូបករណ៍របស់ KOICA។ល។ ហើយកំពុងបំពេញការងារនៅគ្រប់វិស័យ មានដូចជា ក្នុងជួររដ្ឋាភិបាល សាជីវកម្ម សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

តាមរយៈសុន្ទរកថាស្វាគមន៍​ លោកឯកអគ្គរដ្ឋទូត PARK Jung-Wook បានស្នើដល់អតីតនិស្សិត ដែលបានសិក្សានៅប្រទេសកូរ៉េទាំងអស់ ចូលរួមចំណែកដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់កម្ពុជាទៅអនាគត ដោយផ្អែកលើបទពិសោធន៍ ដែលបានប្រមូលផ្តុំនៅប្រទេសកូរ៉េ។

សមាគមអតីតនិស្សិតសិក្សា នៅប្រទេសកូរ៉េ នៃកម្ពុជា(KAAC) បានលើកឡើងថា ចាប់តាំងពីសមាគមនេះ បានបង្កើតឡើងក្នុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន មានសមាជិកប្រមាណ ៤០០ នាក់ និងកំពុងចូលរួមក្នុងសកម្មភាពនានា ជាច្រើនដូចជា កម្មវិធីសប្បុរស ការធ្វើសិក្ខាសាលាអំពីការសិក្សា នៅប្រទេសកូរ៉េ ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរ ជាមួយសមាគមអតីតនិស្សិតសិក្សា នៅប្រទេសផ្សេងៗទៀត ហើយលោកបានមានប្រសាសន៍ថា សមាគមនេះ នឹងរីកលូតលាស់ក្លាយទៅជាសមាគមមួយ ដែលរួមចំណែកក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ព្រមទាំងចូលរួមចំណែក ដល់ការអភិវឌ្ឍវិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា។

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយ ស្តីពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ ២០២៣ នៅឯកិច្ចជំនួបលើកនេះ និងផ្តល់ជូន Bokbunja wine ដែលឧបត្ថម្ភដោយ សាជីវកម្មពាណិជ្ជកសិក-ជលផល និងអាហារ(សាខាទីក្រុងហូជីមិញ) ដើម្បីផ្សព្វផ្សាយពីស្រាប្រពៃណីកូរ៉េ។ លើសពីនេះទៀត ដោយទទួលបានការឧបត្ថម្ភ ពីអង្គភាពទេសចរណ៍កូរ៉េ (សាខាទីក្រុងហាណូយ) ដូចជាសៀវភៅ មគ្គុទ្ទេសក៍ទេសចរណ៍កូរ៉េ តុក្កតាតំណាងឱ្យអង្គភាពទេសចរណ៍កូរ៉េ និងថង់អេកូ ត្រូវបានផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ ដល់អ្នកចូលរួមទាំងអស់៕

រូបភាពពីស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា
To Top