បរទេស៖ ការខាតបង់ផ្នែកសេដ្ឋកិច្ច កំពុងកើនឡើងក្នុងប្រទេសបារាំង បន្ទាប់ពីហេតុការណ៍ដែលប៉ូលិស បានបាញ់សម្លាប់វ័យជំទង់ម្នាក់ ដែលបានបង្កឱ្យមានភាពចលាចលយ៉ាងរាលដាល នៅក្នុងប្រទេសបារាំង។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងស្រុកបារាំង បានបង្ហាញឱ្យដឹងថា អំពើហឹង្សាដ៏អាក្រក់បំផុត និងចោរកម្មមួយចំនួប្រទេស ត្រូវបានរាយការណ៍នៅក្នុង ទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុងែល Marseille ដែលជាកន្លែងអាជីវកម្មចំនួន ៤០០ត្រូវបានបំផ្លិចបំផ្លាញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា
ប្រធានសភាពាណិជ្ជកម្ម ខេត្ត Marseille លោក Jean-Luc Chauvin បានប្រាប់ France Info កាលពីថ្ងៃអាទិត្យថា “អាជីវកម្មគ្រប់ប្រភេទត្រូវបានគេកំណត់គោលដៅ ជាពិសេស គឺអាជីវកម្មដែលមានទំនិញមានតម្លៃ” ។ លោកបានបន្ថែមថា ការប៉ាន់ប្រមាណដំបូងដោយក្រុមហ៊ុនធានារ៉ាប់រង បានដាក់តម្លៃនៃការខូចខាតច្រើនជាង ១០០ លានអឺរ៉ូ (១០៩ លានដុល្លារ) ដែលជាចំនួនដែលនឹង កើនឡើងដោយមិនសង្ស័យ។
យោងតាមលោក Chauvin គឺថា សម្រាប់ហាងមួយចំនួន វានឹងចំណាយពេលជាច្រើនខែ ដើម្បីជួសជុលការខូចខាត ជាពិសេសហាងដែលត្រូវបានដុត ឬទំនិញក្នុងស្តុក ត្រូវបានលួចទាំងស្រុង។
ប្រទេសបារាំងត្រូវបានធ្លាក់ចូល ក្នុងការតវ៉ាដោយហិង្សាតាំងពីថ្ងៃអង្គារ បន្ទាប់ពីប៉ូលិសនៅជាយក្រុងប៉ារីសនៃទីក្រុង Nanterre បានបាញ់សម្លាប់ក្មេងប្រុសសញ្ជាតិបារាំងដើមកំណើតអាល់ហ្សេរីអាយុ ១៧ ឆ្នាំម្នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជា Nahel M. នៅពេលដែលក្មេងប្រុសរូបនោះ ត្រូវបានគេរាយការណ៍ថាមិនព្រមធ្វើតាមពេលឈប់ចរាចរណ៍។
មន្ត្រីដែលបានបាញ់សម្លាប់ Nahel ត្រូវបានចាប់ខ្លួនភ្លាមៗ និងចោទប្រកាន់ពីបទមនុស្សឃាត ទោះបីជាយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះបានបង្កឱ្យមានរលក នៃអំពើហឹង្សាទូទាំងប្រទេស ដែលបានរីករាលដាលដល់ប្រទេសបែលហ្ស៊ិក និងស្វីស ថែមទៀត ៕
ប្រែសម្រួលៈ ណៃ តុលា