ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកថា អាមេរិក​កំពុង​រៀបចំ​ការ ធានា​សន្តិសុខ តាមរចនាបទ អ៊ីស្រាអែល សម្រាប់​អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ លោកប្រធានាធិបតី Joe Biden បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក មានឆន្ទៈផ្តល់ជូនទីក្រុងគៀវ នូវការរៀបចំសន្តិសុខ ដែលបច្ចុប្បន្នផ្តល់ ជូនដល់អ៊ីស្រាអែលជំនួស ឱ្យសមាជិកភាព ក្នុងអង្គការណាតូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បាន​និយាយ​អំពី​ប្រទេស ​អ៊ុយក្រែន​ថា​ «​ខ្ញុំ​មិន​គិត​ថា​ អ៊ុយក្រែនត្រៀម​ខ្លួន ​ជា​ស្រេច​សម្រាប់​សមាជិកភាព ​ក្នុង​អង្គការ​ណាតូ​ទេ ហើយ ខ្ញុំ​ក៏គិត​ថា ​មិន​មាន​ការ​ឯកភាព​គ្នា​នៅ​ណាតូ ​អំពី​ការ​យក​អ៊ុយក្រែន​ចូល​ក្នុង​គ្រួសារ​ណាតូ នោះដែរ, នៅ​ពេល​នេះ​ គឺជាពេលនៅ​កណ្តាល​សង្រ្គាម» ។

លោក Biden បានប្រាប់ទូរទស្សន៍ CNN ទៀតថា សមាជិកភាពនៅក្នុងប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកមានន័យថា ការប្តេជ្ញាចិត្ត ដើម្បីការពារទឹកដីរបស់ខ្លួនទាំងអស់ ដូច្នេះ “ប្រសិនបើសង្រ្គាមកំពុងបន្ត នោះយើងទាំងអស់គ្នា នៅក្នុងសង្រ្គាម ។ យើងកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ី ។

សូមជម្រាបថា ប្រទេសអ៊ុយក្រែន បានទាមទារការអញ្ជើញពីណាតូ ឬយ៉ាងហោចណាស់ មានសេចក្តីប្រកាស អំពីពេលណាដែលខ្លួនអាចត្រៀមខ្លួនរួច ជាស្រេចក្នុងការនាំយកបញ្ហារបស់ខ្លួន ចូលក្នុងក្រុមប្រឹក្សានៅឯកិច្ចប្រជុំកំពូល នាពេលខាងមុខនៅទីក្រុង Vilnius ប្រទេសលីទុយអានី។

ប្រធានាធិបតីអាមេរិក វ័យចំណាស់រូបនេះ បាននិយាយថា វា “មិនទាន់ដល់កំណត់” ក្នុងការអំពាវនាវឱ្យ មានការបោះឆ្នោត នៅពេលនេះ ហើយបានពណ៌នា ណាតូថា ជា “ដំណើរការ ដែលចំណាយពេលខ្លះ” និង ពាក់ព័ន្ធនឹងការកែទម្រង់ ដូចជាលទ្ធិប្រជាធិបតេយ្យ ។ លោក Biden បាននិយាយទៀតថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបង្ហាញ “ផ្លូវសមហេតុផល” សម្រាប់អ៊ុយក្រែន ដើម្បីមានលក្ខណៈគ្រប់គ្រាន់ សម្រាប់សមាជិកភាព៕
ប្រែសម្រួលៈ ណៃ តុលា

To Top