កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានណែនាំបំផុសឲ្យបុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ ស្រឡាញ់ និងដាំដើមឈើ ឲ្យបានច្រើនក្នុងសហគមន៍របស់ខ្លួន ដើម្បីទទួលនូវអត្ថប្រយោជន៍ជាច្រើន សម្រាប់សង្គមគ្រួសារ និងប្រទេសជាតិ។
លោក មួន វាសនា បានបំផុសដូច្នេះនៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ ក្នុងឱកាសដឹកនាំបុគ្គលិក លោកគ្រូ អ្នកគ្រូ និងនិស្សិតដាំដើមឈើ ក្នុងបរិវេណសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ក៏ដូចជាដើម្បីចូលរួមអបអរថ្ងៃបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៣ នេះផងដែរ។
លោក មួន វាសនា បានមានប្រសាសន៍ថា នេះជាការចូលរួម អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៣ ដែលជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា គឺជាទិវាដ៏វិសេសវិសាល ដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
លោក មួន វាសនា បានឲ្យដឹងទៀតថា ពិធីបុណ្យ « រុក្ខទិវា » គឺជាចលនាបំផុសការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តម នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោត ព្រះនរោត្តម សីហនុ ចាប់ តាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើ នៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
លោក មួន វាសនា បានអំពាវនាវ ផ្តាំផ្ញើ និងជម្រុញលើកទឹកចិត្ត ឲ្យបុគ្គលិក គ្រូឧទ្ទេស និង និស្សិតទាំងអស់ ត្រូវតែចូលរួម និងសិក្សារៀនសូត្រស្វែងយល់បន្ថែម អំពីរបៀបបច្ចេកទេសដាំ និងថែទាំ ដាក់ជី ដាំបន្លែ ដាំដើមឈើ និង ដាំដំណាំហូបផ្លែផ្សេងៗឲ្យបានច្រើន នៅជំវិញ បរិវេណ ដីលំនៅដ្ឋាន និងដីចំការ ឬសហគមន៍របស់ខ្លួន ឲ្យបានច្រើនដែលអាចធ្វើទៅបាន កុំឲ្យដីនៅទំនេរ ដើម្បី ជាអត្ថប្រយោជ៍ជួយ លើកកំពស់ជីវភាពរបស់គ្រួសារ និង កាត់បន្ថយកំដៅ និងមានពណ៌បៃតង ធ្វើឲ្យបរិយាកាសល្អស្រស់បំព្រង ក្នុងសហគមន៍ផងដែរ ៕