ព័ត៌មានជាតិ

បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ សរសេរបោះពុម្ព សៀវភៅថ្មី​និយាយអំពី កម្ពុជា ក្នុងយុទ្ធសាស្ត្រមហាអំណាច

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាពេលថ្មីៗនេះ បានបញ្ចេញសៀវភៅថ្មី មានចំណងជើងថា “កម្ពុជា ក្នុងយុទ្ធសាស្ត្រមហាអំណាច” ដែលអាចឲ្យអ្នកអានបានស្វែងយល់ អំពីប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រនយោបាយ មហាអំណាចពិពភលោក ។

ជាការពិតណាស់ ដើម្បីស្វែងយល់អំពីការវិវត្តរបស់ពិភពលោកគេត្រូវសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រពិភពលោក ប្រវត្តិប្រទេសនីមួយៗ ទើបយើងអាចយល់ដឹងអំពី ទំនាក់ទំនងអន្តរជាតិ អំពីចិត្តគំនិតបេះដូងដែលមរតកនៃប្រទេសនោះ ។ ជួនកាលព្រឹត្តិការណ៍ដេលកន្លងមកក្នុងអតីតកាល ក៏អាចកើតមានជាហូរហែ ក្នុងសម័យក្រោយៗដែរ ។ គឺគ្រាន់តែខុសពេលវេលា និងតួរអង្គតែប៉ុណ្ណោះ ។ ឯមរតកការឈឺចាប់កិត្តិយសក្នុងអតីតកាល ក៏ជាកត្តាក្នុងការគិតពិចារណាដែរ ។ ហើយអ្វីទាំងអស់នេះ មាននៅក្នុង សៀវភៅ “កម្ពុជា ក្នុងយុទ្ធសាស្ត្រមហាអំណាច” ។

បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន មានឋានៈស្មើទេសរដ្ឋមន្ត្រី បានទទួលសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៧៨ ។ លោកធ្លាប់ជាសាស្ត្រាចារ្យបង្រៀនភាសាបារាំង ទស្សនវិជ្ជា និងវិទ្យាសាស្ត្រនយោបាយ ។ លោកធ្លាប់ជាប់ឆ្នោតធ្វើជាសមាជិកតាក់តែងសេចក្តីព្រាងរដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ក្នុងឆ្នាំ១៩៧១ ។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់បម្រើក្នុងវិស័យសារព័ត៌មានដែរ ក្នុងឋានៈជាម្ចាស់ និងជាចាងហ្វាងនយោបាយកាសែតជាច្រើនផងដែរ ។

បន្ថែមពីលើនេះ​លោកបណ្ឌិតសភាចារ្យ ធ្លាប់បានសរសេរនិពន្ធស្នាដៃជាច្រើនជាភាសាខ្មែរ និងភាសាបារាំងដែលទាក់ទងនឹងទស្សនវិជ្ជាសង្គមវិជ្ជា និងវិទ្យាសាស្ត្រនយោបាយថែមទៀតផង៕

To Top