ភ្នំពេញ៖ យុវជនសេដ្ឋកិច្ចកម្ពុជា ដែលជា វិនិយោគិន ពាណិជ្ជករ អាជីវករ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៏ និងអ្នកជំនាញវិជ្ជាជីវៈ រាប់ម៉ឺននាក់ បានបង្ហាញជំហររបស់ខ្លួន ដោយបានប្រកាសយ៉ាងឱឡារឹក បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រទាំងស្រុង បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនោះយុវជនសេដ្ឋកិច្ចកម្ពុជាទាំងអស់ក៏បានបង្ហាញ នូវការពេញចិត្ត និងនាំគ្នាភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គ្រប់ៗគ្នា សម្រាប់តាមដានសកម្មភាព ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងព័ត៌មានជាច្រើនទៀត។
ការប្រកាសគាំទ្រ របស់យុវជនសេដ្ឋកិច្ចកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ នាថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២៣ នាកោះពេជ្រ ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា ។
ក្នុងវេទិកានេះដែរ លោក ឡី សុភាព បានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់រយៈពេលវែង ក្នុងនោះកត្តាសុខសន្តិភាព កត្តានយោបាយឈ្នះឈ្នះ មានគោលនយោបាយត្រឹមត្រូវ សមស្រប អាចអភិវឌ្ឍន៍ប្រទេសបាន” ។
កត្តាសុខសន្តិភាព និងការរីកចម្រើនទាំងគ្រប់វិស័យនេះហើយ ទើបបានជា សមាជិក សមាជិកា នៃអង្គវេទិកាទាំងអស់ ជាពិសេស សមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងយុវជនសេដ្ឋកិច្ចរាប់ម៉ឺននាក់ បានបេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រទាំងស្រុងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។
ជាមួយគ្នានោះបន្ទាប់ពីបានស្តាប់ នូវការបកស្រាយ និងយល់ជ្រាប់ពីអត្ថប្រយោជន៍នានា ពីសំណាក់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ជុំវិញការទទួលបានព័ត៌មានជាច្រើន ពីប្រមុខថ្នាក់ដឹកនាំ តាមរយៈបណ្តាញសង្គមតេឡេក្រាម ដែលតែងតែបង្ហាញរាល់សកម្មភាព ការអភិវឌ្ឍនានា ដល់សាធារណៈជនហើយនោះ សមាជិកសមាជិកា នៃអង្គវេទិកាទាំងមូល បាននាំគ្នាភ្ជាប់តេឡេក្រាមសម្តេចតេជោ គ្រប់ៗគ្នាផងដែរ៕