បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan កាលពីពេលថ្មីៗ បានច្រានចោល ការអះអាងដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចនឹងបាត់បង់ក្រមសីលធម៌ តាមរយៈការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាស សម្រាប់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។
យោងតាមការ ចេញផ្សាយ របស់ RT លោក Sullivan បានលើកឡើងពីបញ្ហានេះ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងគោលបំណងការពារ ការសម្រេចចិត្ត របស់ប្រធានាធិបតី Joe Biden កាលពីដើមខែនេះ ក្នុងការផ្តល់ឱ្យរដ្ឋាភិបាល ក្រុងគៀវនូវ អាវុធដែលសេតវិមាន ពីមុនបានចាត់ទុកជាអាវុធឧក្រិដ្ឋកម្ម ដោយខ្លួនឯងរួចទៅហើយនោះ ។
គួរឲ្យដឹងដែរថា ទោះបីជាគ្រាប់បែកចង្កោម ត្រូវបានហាមឃាត់ដោយច្បាប់ ក្រោមសន្ធិសញ្ញាអន្តរជាតិ ដែលចុះហត្ថលេខាដោយប្រទេសជាង ១០០ក្តីប៉ុន្តែលោក Sullivan នៅត្រង់ចំណុចបាននិយាយថា ទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនធ្លាប់ជាហត្ថលេខីនៃកតិកាសញ្ញានោះឡើយ។
គ្រប់គ្នាបានដឹងហើយថា គ្រាប់បែកចង្កោមត្រូវបានហាមប្រាម ជុំវិញពិភពលោក ដោយសារតែគ្រាប់បែកមួយចំនួន ដែលពួកគេបញ្ចេញមិនបានបំផ្ទុះ បង្កើតការគំរាមកំហែង ដល់ជនស៊ីវិល ក្នុងរយៈពេលជាច្រើនឆ្នាំ ៕
ប្រែសម្រួល៖ស៊ុនលី