ព័ត៌មានអន្តរជាតិ

ប្រធានសភាពាណិជ្ជកម្មថៃ ប្រកាសគាំទ្រ គណបក្សភឿថៃ ដឹកនាំបង្កើតរដ្ឋាភិបាលថ្មី

ប្រភព៖ AFP

បរទេស ៖ វិស័យឯកជន បានសម្តែងការគាំទ្រ ដល់គណបក្សភឿថៃ ក្នុងការដឹកនាំការបង្កើត រដ្ឋាភិបាលថ្មី ដោយនិយាយថា គោលនយោបាយសេដ្ឋកិច្ច របស់គណបក្សភឿថៃ នឹងជួយបង្វែរសេដ្ឋកិច្ច ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សាណាន់ អង់គូប៊ុលគុល (Sanan Angubolkul) ប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ទំនុកចិត្តលើសេដ្ឋកិច្ចនឹង ទទួលបានការជំរុញភ្លាមៗ ប្រសិនបើគណបក្សភឿថៃ អាចបង្កើតរដ្ឋាភិបាល ជាមួយបេក្ខជន នាយករដ្ឋមន្ត្រី និងគណបក្សចម្រុះចំនួន៧ នៅក្នុងកិច្ចព្រមព្រៀងក្រោម MoU ដែលពួកគេចុះហត្ថលេខា ។

លោកថា គណបក្ស “ភឿថៃមានបទពិសោធន៍ ក្នុងការគ្រប់គ្រងប្រទេស ដោយគោលនយោបាយមួយចំនួន របស់ខ្លួនត្រូវបានអនុវត្តន៍ដោយជោគជ័យ។ “គណបក្សក៏មានបុគ្គលិកដែលមានសមត្ថភាព និងជំនាញក្នុងការគ្រប់គ្រងសេដ្ឋកិច្ចផងដែរ ។

ប្រធានសភាពាណិជ្ជកម្មថៃរូបនេះបន្តថា “សភាពាណិជ្ជកម្មថៃជឿជាក់ថា ប្រសិនបើគណបក្សភឿថៃ ដឹកនាំការបង្កើតរដ្ឋាភិបាលថ្មីនោះ គោលនយោបាយសេដ្ឋកិច្ច របស់គណបក្សនេះនឹងជំរុញប្រទេសឆ្ពោះទៅមុខ ជាពិសេសការជំរុញកំណើន និងកាត់បន្ថយវិសមភាព”។

គណបក្សឆ្ពោះទៅមុខ ឬ Move Forward បាននិយាយថា ខ្លួននឹងមានឆន្ទៈក្នុងការអនុញ្ញាតឱ្យដៃគូចម្រុះរបស់ខ្លួន គឺគណបក្ស ភឿថៃ មានសិទ្ធិបង្កើតរដ្ឋាភិបាល ប្រសិនបើការប៉ុនប៉ង ផ្ទាល់របស់លោក ពីតា លឹមចារឿនរ៉ាត់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ថៃ ត្រូវបរាជ័យ។

លោក សាណាន់ ក៏បានជំរុញឱ្យរដ្ឋាភិបាល បន្ទាប់ដោះស្រាយបញ្ហាដែលទាមទារឱ្យមានវិធានការជាបន្ទាន់ ជាពិសេសបញ្ហាជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក៏ដូចជាការជួយដល់សហគ្រិនខ្នាតតូច និងមធ្យមផងដែរ។

លោកបានបន្តថា រដ្ឋាភិបាល ក៏គួរសម្លឹងរកការកាត់បន្ថយការចំណាយលើការរស់នៅ និងបង្កើនប្រាក់ចំណូលផ្ទាល់ខ្លួន ដើម្បីឲ្យប្រជាជនមានប្រាក់ ចំណាយកាន់តែច្រើន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top