ព័ត៌មានជាតិ

ប្រធានក្រុមហ៊ុន Liberty Technology ចាប់អារម្មណ៍ខ្លាំង ជាមួយវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១

រូបភាព៖ ដើមអម្ពិល/ម៉ៅ ដារាត់

ភ្នំពេញ៖ លោក Matthew Smith នាយកប្រតិបត្តិ​ ក្រុមហ៊ុន Liberty Technology បន្ទាប់ពីបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា វេទិកានេះគួរឲ្យចាប់អារម្មណ៍ និងយល់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង ។

វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នាសាលកោះពេជ្រ ដែលរៀបចំដោយយុវជនសេដ្ឋកិច្ចកម្ពុជា​​ បានប្រព្រឹត្តិទៅ​ ក្រោមអធិបតីភាព លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម សហព័ន្ធវិនិយោគិនកម្ពុជា​​ និងមានអ្នកចូលរួម ប្រមាណជិត៦ពាន់នាក់ ។

ក្នុងឱកាសចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣​ លើកទី១នេះ លោក Matthew Smith នាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា “វេទិកានេះពិតជាគួរឲ្យចាប់អារម្មណ៍ វាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង និងសំខាន់បំផុត អាចឲ្យយើងចែករំលែក នូវគំនិតល្អៗទៅគ្នាទៅវិញទៅមក”។

ឆ្លៀតក្នុងឱកាសនោះ លោក Matthew Smith បានឲ្យដឹងពីចក្ខុវិស័យរបស់​ Liberty Technology​ ថា “យើងយកចិត្តទុកដាក់​ ទៅលើការផ្ដល់នូវគំនិតច្នៃប្រឌិត ដើម្បីបង្កើតជាដំណោះស្រាយ សម្រាប់ប្រទេសកម្ពុជា។ យើងក៏យកចិត្តទុកដាក់ ចំពោះ​ឧត្តមភាព​ផងដែរ​ ដោយផ្ដោតទៅលើស្តង់ដារខ្ពស់ និងការអនុវត្តខ្ពស់នៅគ្រប់ជំហាន និងគ្រប់សកម្មភាពដែលយើងធ្វើ ក្នុងនាមជាក្រុមហ៊ុន។​ ជាងនេះទៅទៀត​ ​យើង​យក​ចិត្ត​ទុក​ដាក់ ​ចំពោះ​មនុស្សជាតិនិង​ស្តង់ដារ​ នៃការរស់នៅរបស់ពួកគេ​ ដោយការលើកកំពស់គុណភាពជីវិតនៅកម្ពុជា ជាកត្តាចាំបាច់បំផុត សម្រាប់ក្រុមហ៊ុនយើង​ ។

ដោយឡែក ឆ្លើយតបនឹងសំណួរ អ្នកសារព័ត៌មាន អំពីគុណតម្លៃរបស់ Liberty Carz លោក​ Matthew Smith បានឆ្លើយតបថា​ គុណតម្លៃរបស់​ Carz ផ្ដោតទៅលើការរួមបញ្ចូល ឬសមាហរណកម្មនៃទីផ្សារ។ សមាហរណកម្មមានន័យថា ការបញ្ចូលទីផ្សាររួមគ្នា តាមរយៈបច្ចេកវិទ្យា ដើម្បីបង្កើននូវប្រសិទ្ធភាព។ ក្រុមហ៊ុនរបស់យើងខ្ញុំបានមើលឃើញអនាគត នៃឧស្សាហកម្មរថយន្ត ហើយជឿជាក់ទៅលើ សមត្ថភាពរបស់ក្រុមហ៊ុនយើង ក្នុងការផ្តល់នូវភាពផ្លាស់ប្តូរនេះ។ កម្មវិធីជំនាន់ទីមួយរបស់យើង កំពុងផ្តល់នូវបទពិសោធន៍​ថ្មី​ ក្នុង​ការលក់ និងការទិញ​រថយន្ត​ ជូនទៅដល់អតិថិជនទាំងអស់។ កម្មវិធីជំនាន់ទី២ របស់យើង មានមុខងារខ្លាំងជាងមុនទៅទៀត ។

ក្នុងនោះនាយកប្រតិបត្តិ​ ក្រុមហ៊ុន Liberty Technology បានឲ្យដឹងថា ការចូលរួមក្នុងទីផ្សារ អាចបង្កើតជាឱកាសការងារ និងស្តង់ដារការងារថ្មី ជូនទៅដល់ជនគ្រប់រូប។ ក្រុមហ៊ុនយើងគឺ​ជា​អនាគត និង​តែងតែគាំទ្រ​ ការ​អភិវឌ្ឍន៍​របស់​ប្រទេសកម្ពុជាជានិច្ច។

គួរឲ្យដឹងថា Liberty Technology គឺជាក្រុម​ហ៊ុន​ដែល​ ផ្តោតសំខាន់​ លើការនាំយកយុគសម័យឌីជីថលមកកម្ពុជា ដើម្បីលើកកម្ពស់ជីវិត និងលើកកម្ពស់គុណភាពជីវិត។ ចក្ខុវិស័យ និងបេសកកម្មរបស់ Liberty Technology​ ផ្តោតលើការផ្តល់នូវការច្នៃប្រឌិត និងឧត្តមភាព ។

គួរឲ្យដឹងផងដែរថា លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគម​ សហព័ន្ធវិនិយោគិនកម្ពុជា បានចាត់ទុក វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ ជាតាក់តាងប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់កម្ពុជា និងត្រូវបានកត់ត្រាទុក សម្រាប់យុវជន ឬអ្នកបន្តវេនជំនាន់ក្រោយ បានដឹងនិងមានមោទនភាព ។ វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣នេះ​ ត្រូវបានលោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព យល់ឃើញថា បានមកដោយសារកត្កាសេដ្ឋកិច្ចកម្ពុជារីកចម្រើន ហើយក្នុងនោះសមាជិកសមាជិកាទាំងអស់ សុទ្ធតែមានការរួមចំណែក៕

To Top