ព័ត៌មានជាតិ

លោក អ៊ុន វិសិទ្ធគុន សង្ឃឹមថា នឹងទទួលបាន២-៣អាសនៈ

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៧ដែលនឹងឈានចូលមកដល់ថ្ងៃ២៣ កក្កដាខាងមុខ គណបក្សកម្លាំង ប្រជាធិបតេយ្យ ដែលមានលោក អ៊ុន វិសិទ្ធគុនជាមេដឹកនាំវ័យក្មេង ដែលទើបតែចូលប្រឡូក ក្នុងឆាកនយោបាយ ក្នុងអាណត្តិនេះ បានដាក់ក្តីសង្ឃឹមទុកជាមុនថា នឹងទទួលបានអាសនៈ២ទៅ៣ក្នុងរដ្ឋសភា ។

ការបង្ហាញក្តីសង្ឃឹម ក្នុងនាមជាបក្សថ្មីស្រឡាងនេះ ដោយសារលោកមានជំនឿថា ប្រជាពលរដ្ឋនឹងបោះឆ្នោត ជូនគណបក្ស ព្រោះបក្សមានគេស្គាល់ច្រើន តាមរយៈការចុះមូលដ្ឋាន ជាពិសេសបក្សមានសមាជិក-សមាជិក រហូតទៅប្រមាណជា៥ម៉ឺននាក់ផងដែរ ។

តាមរយៈកិច្ចសម្ភាសន៍ ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រធានគណបក្សកម្លាំង ប្រជាធិបតេយ្យបាននិយាយថា “ក្តីសង្ឃឹមខ្ញុំមិនច្រើនទេ គិតថាតិចតែបើបែរជាច្រើនវាល្អវិញ ចឹងប្រហែល ជា២ទៅ៣កៅអី អីហ្នឹង ប្រហែលជា ច្រើនហើយសម្រាប់គណបក្សថ្មី”។

ប៉ុន្តែទោះបីជាយ៉ាងណា បើមិនបានទទួលកៅអីទេ ក៏លោកថា មិនខឹងអាក់អន់ ស្រពោនចិត្តអ្វីនោះទេ រហូតដល់ចោទគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតធ្វើការមិនល្អ ឬលំអៀងនោះទេ ។

សូមបញ្ជាក់ថា គណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់និងចុះក្នុងបញ្ជី គណបក្សតាំងពីខែឧសភា ឆ្នាំ២០២០មកម្ល៉េះ ៕

To Top