បរទេស៖ ជំនន់ទឹកភ្លៀង បានប៉ះពាល់ដល់ទីតាំង ជាច្រើនក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។ ផ្លូវRatchadaphisek រងគ្រោះលិចខ្លាំងជាងគេ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយលុកតំបន់ ជាច្រើនក្នុងទីក្រុងបាងកក នៅម៉ោងប្រហែល ៩ យប់ថ្ងៃសុក្រ ហើយបន្តរហូតដល់ម៉ោង ២ ទៀបភ្លឺ ដោយជន់លិចផ្លូវនៅក្នុងតំបន់ទាំងនោះ។
នៅព្រឹកថ្ងៃសៅរ៍ ផ្លូវមួយចំនួននៅតែជន់លិច , នៅក្នុងសង្កាត់ Chatuchak ជំនន់ទឹកភ្លៀងបានវាយប្រហារទីតាំងជាច្រើនចាប់ពីផ្លូវ Phaholyothin ទល់មុខផ្សារទំនើប Major Ratchayothin រហូតដល់ផ្លូវបំបែក Lat Phrao និងផ្លូវ Vibhavadi Rangsit ដោយទឹកបានហក់ឡើងដល់ប្រហែល ២០ សង់ទីម៉ែត្រ។
ប្រជាជនចេញទៅហូបអាហារ និងភេសជ្ជៈនៅភោជនីយដ្ឋាន នៅយប់ថ្ងៃសុក្រ បានរកឃើញថា មានការលំបាកក្នុងការត្រឡប់ ទៅកន្លែងស្នាក់នៅរបស់ពួកគេ ។
ផ្លូវ Ratchadaphisek រងការវាយប្រហារខ្លាំងបំផុត ខណៈទឹកឡើងដល់ជិត ៥០ សង់ទីម៉ែត្រ។ រថយន្ត រថយន្តធុនតូច និងម៉ូតូមួយចំនួនបានជាប់គាំង ដោយសារទឹកលិចដល់ម៉ាស៊ីនឡាន និង ម៉ូតូ។
ក្រុមអ្នកជួយសង្គ្រោះកំពុងមមាញឹក ជួយប្រជាជន ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ៕
ប្រែសម្រួលៈ ណៃ តុលា