ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ក្នុងករណីគូសបំផ្លាញសន្លឹកឆ្នោតចោល នាថ្ងៃ២៣ កក្កដា ។
លោក ហង្ស ពុទ្ធាប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិច មុនបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា ពួកគេទាំង២នាក់នេះ ម្នាក់ឃាត់ខ្លួននៅវត្តមហាមន្រ្តី និងម្នាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យ ។ ក្រោយឃាត់ខ្លួនពួកគេត្រូវបានឃុំខ្លួន នៅប៉ុស្តិ៍សង្កាត់រៀងៗខ្លួន ។
លោកថា បុគ្គលទាំង២នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ ក្រោយបោះឆ្នោតចប់រួចរាល់ ។
ជាមួយគ្នានេះដែរ ក៏មានមួយករណីទៀតនៅត្បូងឃ្មុំ ប៉ុន្តែជាករណីពាក់ព័ន្ធគ្រឿងញៀន ដោយសារគាត់បោះឆ្នោតហើយ តែអត់ព្រមជ្រលក់ទឹកខ្មៅ ។
ទន្ទឹមនឹងនេះដែរលោកថា ចំពោះអ្នកនៅក្រៅប្រទេសញុះញុង មិនឲ្យពលរដ្ឋទៅបោះឆ្នោត ហើយបើទៅបោះត្រូវគូសបំផ្លាញនោះ បានស្រាវជ្រាវរកឃើញហើយ ប្រមាណជា២០ករណី ៕