ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ជំរុញឲ្យយោធាចិន ដែលមានក្របខណ្ឌត្រឹមឆ្នាំ២០២០ ត្រៀមខ្លួនធ្វើសង្រ្គាម ចំពេលឥទ្ធិពលលោកខាងលិចធ្លាក់ចុះ

Xinhua

ប៉េកាំង៖ យោងតាមឯកសារផ្ទៃក្នុងបានឱ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជំរុញឱ្យយោធារបស់ប្រទេស នៅចុងឆ្នាំ២០២០ ត្រៀមខ្លួន ដើម្បីទប់ទល់នឹងសង្រ្គាម ដែលអាចកើតមានចំពេល មានជម្លោះរវាងទីក្រុងប៉េកាំង និងបណ្តាប្រទេសលោកខាងលិច ដោយបង្ហាញទស្សនៈរបស់លោកថា ការធ្លាក់ចុះដែលមិនអាចជៀសបាន នៃសហរដ្ឋអាមេរិក និងអឺរ៉ុប​បានចាប់ផ្តើមហើយ។

លោក ស៊ី បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចថា ប្រសិនបើជម្លោះក្នុងតំបន់កើតឡើង និងបន្ត វាអាចរាលដាលដល់តំបន់កាន់តែទូលំទូលាយ ទោះបីជាលោកបានបដិសេធលទ្ធភាព នៃសង្គ្រាមលោកមួយទៀតក៏ដោយ នេះបើយោងតាមឯកសារ ដែលបានចេញកាលពីខែមិថុនា ឆ្នាំមុនបានបង្ហាញ។

ឯកសារដែលបង្ហាញពីសុន្ទរកថារបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៃគណៈកម្មការ ដែលលោកជាប្រធានត្រូវបាន ប្រើប្រាស់ជាសៀវភៅសិក្សា សម្រាប់មន្ត្រីជាន់ខ្ពស់នៃយោធា និងគណបក្ស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ទោះបីជាថ្មីៗនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក បាននឹងកំពុងពន្លឿនកិច្ចពិភាក្សា ដើម្បីលុបបំបាត់ភាពតានតឹង លើបញ្ហាជាច្រើនក៏ដោយ ឯកសារបង្ហាញថា ទីក្រុងប៉េកាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះលទ្ធភាពនៃការប៉ះទង្គិចគ្នាខាងយោធា។

ទំនាក់ទំនងចិន-អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅខែធ្នូ ឆ្នាំ២០២០ ដោយរដ្ឋបាលរបស់លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ នាពេលនោះបានបង្កើនការរិះគន់ ប្រឆាំងនឹងប្រទេសចិន ជុំវិញការរីករាលដាលនៃមេរោគកូវីដ ដែលត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន កណ្តាលប្រទេសចិន។

នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ី បានសំដៅទៅលើការចុះខ្សោយ នៃឥទ្ធិពលរបស់លោកខាងលិច ផ្ទុយទៅនឹងអំណាច ដែលកំពុងកើនឡើងរបស់ប្រទេសចិន ដោយបញ្ជាក់ថា “បូព៌ាកំពុងកើនឡើង ហើយលោកខាងលិចកំពុងធ្លាក់ចុះ” ហើយចាត់ទុកវាជា “និន្នាការប្រវត្តិសាស្ត្រ” ។

ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំកំពូលចិនរូបនេះ បានឲ្យដឹងថា ស្ថានភាពដែលលោកខាងលិច មានគុណសម្បត្តិប្រកួតប្រជែង “ជាមូលដ្ឋាននៅតែមិនផ្លាស់ប្តូរ” ដោយសំដៅទៅលើហានិភ័យ ដែលមិនអាចជៀសបាននៃការ ប៉ះទង្គិចគ្នារវាងប្រទេសលោកខាងលិច និងប្រទេសចិន ដែលបាននិងកំពុងពង្រឹងអំណាចយោធា និងសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមឯកសារនោះ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់យោធាចិន ដើម្បី “ត្រៀមខ្លួនសម្រាប់ការផ្ទុះសង្រ្គាម និងប្រតិកម្មសង្វាក់របស់ខ្លួន” ដោយបញ្ជាឱ្យកងកម្លាំង “ត្រៀមខ្លួនជានិច្ច សម្រាប់ការប្រយុទ្ធ” ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។

ការអត្ថាធិប្បាយរបស់គាត់ត្រូវបានគេជឿថា ត្រូវបានធ្វើឡើងនៅក្នុងការសញ្ជឹង គិតអំពីភាពអាសន្នរបស់តៃវ៉ាន់។ ប្រទេសចិន ដែលចាត់ទុកកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលបោះបង់ចោល ដើម្បីបង្រួបបង្រួមជាមួយដីគោក ដោយកម្លាំងប្រសិនបើចាំបាច់នោះ ថ្មីៗនេះបានបង្កើនសម្ពាធយោធាលើទឹកដីនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top