ព័ត៌មានអន្តរជាតិ

G-7 និងអឺរ៉ុប ជំរុញឲ្យចិន ​ជួយបញ្ឈប់ការគេចវេសពី ទណ្ឌកម្មរបស់កូរ៉េខាងជើង

Xinhua

ញូវយ៉ក៖ ក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន៧ សមាជិកអង្គការសហប្រជាជាតិផ្សេងទៀត និងសហភាពអឺរ៉ុប បានជំរុញទីក្រុងប៉េកាំង ឱ្យជួយបញ្ឈប់សកម្មភាពរបស់កូរ៉េខាងជើង ដែលមានគោលបំណងគេចចេញពី ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងដែនទឹករបស់ចិន។

ភាគីទាំងពីរបានឲ្យដឹងនៅក្នុង លិខិតមួយផ្ញើជូនឯកអគ្គរដ្ឋទូត អង្គការសហប្រជាជាតិ របស់ប្រទេសចិនលោក Zhang Jun ថាពួកគេមានការព្រួយបារម្ភ ទាក់ទងនឹងវត្តមានបន្តនៃនាវាដឹកប្រេង “ដែលប្រើប្រាស់ដែនទឹក របស់អ្នកនៅក្នុង Sansha Bay ជាទីជម្រក ដើម្បីជួយសម្រួលដល់ការធ្វើ ពាណិជ្ជកម្មផលិតផលប្រេង ដែលមានទណ្ឌកម្មរបស់ពួកគេ” ទៅកាន់ប្រទេសកូរ៉េខាងជើង។

ប្រទេសហត្ថលេខីក៏បានឲ្យដឹងផងដែរថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ឱ្យទីក្រុងប៉េកាំង នូវ “រូបភាពផ្កាយរណប ដែលបង្ហាញយ៉ាងច្បាស់ថា ការអនុវត្តទាំងនេះបានបន្តកើតមាន នៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ និងបានបន្តនៅឆ្នាំ២០២៣”។

ក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខ ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងរបាយការណ៍មួយ កាលពីដើមឆ្នាំនេះថា នាវាដែលភ្ជាប់ទៅនឹងប្រទេស ដែលពាក់ព័ន្ធនឹងការផ្ទេរប្រេងពីកប៉ាល់ ទៅកប៉ាល់ខុសច្បាប់ ត្រូវបានបោះយុថ្កានៅក្នុង ឈូងសមុទ្រនៃខេត្តហ្វូជៀន។

លិខិតចុះថ្ងៃទី០៦ ខែកក្កដា បានសរសេរថា នាវាជាច្រើនគ្រឿង ដែលកំណត់ដោយក្រុមប្រឹក្សាសន្តិសុខ ឬកំណត់ដោយក្រុមប្រឹក្សាសន្តិសុខ សម្រាប់ការបញ្ជូនប្រេងខុសច្បាប់ ទៅកាន់ប្រទេសកូរ៉េខាងជើង ឬការផ្ទេរពីកប៉ាល់ទៅកប៉ាល់ជាមួយនាវា ដែលមានទង់ជាតិកូរ៉េខាងជើង បោះយុថ្កានៅឈូងសមុទ្រក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១។.

បេសកកម្មរបស់ចិន ទៅកាន់អង្គការសហប្រជាជាតិបានបង្ហោះនៅលើ Twitter កាលពីថ្ងៃច័ន្ទថា ប្រទេសនេះ “តែងតែអនុវត្តយ៉ាងតឹងរ៉ឹង” ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ និងបំពេញកាតព្វកិច្ចអន្តរជាតិ យ៉ាងយកចិត្តទុកដាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top