ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃ ប.ស.ស. ទាំងអស់ សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៣ ក្នុងការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះសូមប្រកាសគាំទ្រទាំងស្រុង ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។
តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។
យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទី ជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបីព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕