បរទេស ៖ អតីតមេទ័ព ដែលបានធ្វើរដ្ឋប្រហារ និងផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោត របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី ១៧ ឆ្នាំមុន ឥឡូវនេះលោកបានបង្ហាញការគាំទ្រ ការវិលត្រឡប់របស់លោកថាក់ស៊ីន មកកាន់ប្រទេសថៃវិញ ដោយមើលឃើញថា វាជាឱកាសដ៏ល្អ សម្រាប់ការផ្សះផ្សាជាតិ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ សុនធិ បូនយ៉ារ៉ាត់លីន (Sonthi Boonyaratglin) បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា លោកថាក់ស៊ីន មានសិទ្ធិវិលត្រឡប់មកមាតុភូមិវិញ ហើយនេះនឹងផ្តល់ឱកាស ឱ្យលោកចូលក្នុងប្រព័ន្ធយុត្តិធម៌ និងដោះស្រាយសំណុំរឿងផ្លូវច្បាប់ ដែលមិនទាន់សម្រេចប្រឆាំង នឹងរូបលោក។
យោងតាមអតីតមេទ័ពរូបនេះ គឺថា លោក ថាក់ស៊ីន បានប្រាប់លោកជាច្រើន ថ្ងៃបន្ទាប់ពីរដ្ឋប្រហារខែកញ្ញា ឆ្នាំ ២០០៦ ថា គាត់ជាសុភាពបុរស និងមានអត្តចរិតល្អ មិនចេះគុំគួន ខណៈកំពុងទន្ទឹងរង់ចាំការផ្សះផ្សា ។
ជាមួយនឹងគណបក្សភឿថៃ ដែលកំពុងដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលបន្ទាប់ លោកឧត្តមសេនីយ៍ សុនធិ បាននិយាយថា គណបក្សនេះទំនង ជានឹងផ្តោតលើការស្វែងរកដំណោះស្រាយ ចំពោះជម្លោះនៅក្នុងប្រទេស។ កូនស្រីរបស់ថាក់ស៊ីន គឺលោកស្រី ផែតងតាន “អ៊ុង អ៊ីង” ស៊ីណាវ៉ាត្រា ជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់បក្សភឿថៃ ។ លោកបានបន្តថា «ប្រសិនបើមានជម្លោះក្នុងប្រទេស វានឹងពិបាក សម្រាប់ការគ្រប់គ្រងជាតិ។ នេះជាឱកាសល្អ សម្រាប់ប្រទេសជាតិ ក្នុងការដោះស្រាយ» ៕
ប្រែសម្រួលៈ ណៃ តុលា