ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធធនាគារកម្ពុជា នៅបន្តរក្សាបានភាពធន់ និងរឹងមាំ ហេីយដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក ជា ចាន់តូ មានប្រសាសន៍ថា “ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងឥទ្ធិពលពីការថមថយនៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាស្ថិរភាពថ្លៃនិងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារនិងប្រព័ន្ធទូទាត់ ដែលបានជួយជ្រោងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍវិស័យនានាឱ្យប្រព្រឹត្តទៅដោយពិលាស”។
ជាមួយគ្នានេះដែរ លោក ទេសាភិបាល បន្ដថា “ប្រព័ន្ធធនាគារកម្ពុជានៅបន្តរក្សាបានភាពធន់ និងរឹងមាំ ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ”។
លោក ទេសាភិបាល បន្ថែមថា ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕