បរទេស៖ អភិបាលក្រុងរបស់រុស្ស៊ី លោក ស័រហ្គេ សូប៊ីយ៉ានីន បានបញ្ជាក់នៅព្រឹកថ្ងៃអង្គារនេះថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានកំណត់គោលដៅម្តងទៀតទៅលើតំបន់ហិរញ្ញវត្ថុ និងអាជីវកម្មរបស់រដ្ឋធានីរុស្ស៊ី បន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាកាលពីចុងសប្តាហ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សូប៊ីយ៉ានីន បាននិយាយនៅក្នុងសារ Telegram នៅម៉ោងទៀបភ្លឺថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានជ្រៀតចូលប្រព័ន្ធការពារដែនអាកាស ហើយបានបុកអគារខ្ពស់មួយក្នុងទីក្រុងមូស្គូ ដែលជាកន្លែងអគារខ្ពស់ៗមួយចំនួនរបស់អឺរ៉ុបស្ថិតនៅ។
មន្ត្រីរូបនោះបានសរសេរថា “យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស ខណៈកំពុងព្យាយាមហោះហើរទៅកាន់ទីក្រុងមូស្គូ ប៉ុន្តែមានយន្តហោះមួយគ្រឿង បានវាយប្រហារអគារដូចគ្នាក្នុងទីក្រុងមូស្គូ ជាលើកចុងក្រោយ ដោយបានបន្ថែមថា មុខអគារនៅជាន់ទី ១៧ រងការខូចខាត។
យោងតាមរូបថត និងវីដេអូពីកន្លែងកើតហេតុ យន្តហោះគ្មានមនុស្សបើកបានបុកអគារ ដែលមានកម្ពស់ ៥០ជាន់នៃអគារ ‘IQ Quarter’ ដែលមានការិយាល័យរបស់ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីជាច្រើន រួមទាំងក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទូរគមនាគមន៍។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬរបួសនោះទេ ប៉ុន្តែ “សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែងកើតហេតុ” នេះបើយោងតាមអភិបាលក្រុង៕ ប្រែសម្រួលៈ ណៃ តុលា