សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិក ដែលផ្តល់ដល់កោះតៃវ៉ាន់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញឲ្យមានភាពតានតឹងនៅក្នុងតំបន់ហើយប្រែក្លាយទៅជា “ចំណុចបញ្ឆេះសង្គ្រាមមួយផ្សេង” ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក បានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៣៤៥លានដុល្លារ ខណៈដែលសភាបានផ្តល់សិទ្ធិអាវុធ រហូតដល់១ពាន់លានដុល្លារសម្រាប់ដែនកោះនេះដែលនេះជាផ្នែក នៃថវិកាសម្រាប់ឆ្នាំ២០២៣ ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការហៅកាត់ថា KCNA បានឲ្យដឹងថា លោក Maeng Yong Rim អគ្គនាយក នៃនាយកដ្ឋានកិច្ចការចិននៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ផែនការនេះគឺជា “ការបង្កហេតុខាងផ្នែកនយោបាយ និងយោធាដ៏គ្រោះថ្នាក់បំផុត” ហើយជា “ការរំលោភយ៉ាងខ្លាំងបំផុត” នៃគោលការណ៍ចិនតែមួយ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានដាក់ថា“វាគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយកោះតៃវ៉ាន់ ទៅជាមូលដ្ឋានដ៏ជឿនលឿន ដែលមិនអាចសាបសូន្យបានឡើយប្រឆាំងនឹងប្រទេសចិន និងជាលេណដ្ឋានខ្សែទី១សម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ការរារាំងដល់ប្រទេសចិន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា