ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើតតំបន់ បេតិកភណ្ឌធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ

រូបភាពហ្វេសប៊ុក

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ មានផ្ទៃដី ទំហំសរុប ១២៥,២៧៧៥ហិកតា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។

យោងតាមអនុក្រឹត្យសម្រេចរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗ បានឲ្យដឹងថា អនុក្រឹត្យនេះ មានគោលបំណងការពារ ថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ដ្រ អតីតសម័យហ្វូណន «នគរភ្នំ» ដែលជាទឹកដីដំបូងបង្អស់នៃកម្ពុជា។ ជាមួយគ្នានេះ ក៏ការពារតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍ របស់មនុស្សគ្រប់ជំនាន់ជាដើម ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានណែនាំដល់ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ ដែលមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រង តំបន់បេតិកភណ្ឌធម្មជាតិ និងកំណត់ទីតាំង បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍ មូលដ្ឋាន ដើម្បីធានាដល់កិច្ច គាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌ វប្បធម៌ឲ្យបានគង់វង្ស ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិ យុត្តជាធរមាន ៕

To Top