ព័ត៌មានអន្តរជាតិ

ទីបំផុត លោក ថាក់ស៊ីន ប្រកាសផ្ទាល់មាត់ថា ផែនការវិលចូលស្រុក នៅថ្ងៃទី១០សីហានេះ ត្រូវពន្យាពេល ដោយសារលោកជាប់ ពិនិត្យសុខភាព

ប្រភព ៖ AFP

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយនៅថ្ងៃសៅរ៍ថា លោកពន្យារពេលការ វិលត្រឡប់ចូលស្រុកវិញហើយ ខណៈដែលប្រទេសថៃ កំពុងតស៊ូដើម្បីជម្នះភាពជាប់គាំង នយោបាយ បន្ទាប់ពីការបោះឆ្នោតសកលថ្ងៃទី ១៤ ឧសភា ឈ្នះដោយគូប្រជែង នៃការគ្រប់គ្រងដោយយោធា។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន ដែលជាអតីតមហាសេដ្ឋី ទូរគមនាគមន៍ បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីទប់ទល់នឹងការជ្រៀតជ្រែក របស់យោធានៅក្នុងរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជានិយមរបស់លោក ហើយនៅទីបំផុតត្រូវបានបណ្តេញ ចេញពីអំណាចដោយរដ្ឋប្រហារឆ្នាំ ២០០៦ ។

លោកថាក់ស៊ីន បានបង្ហោះនៅលើ បណ្តាញសង្គម X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ពីមុនត្រូវបានគេ ស្គាល់ថាជា Twitter ថា លោកត្រូវការការត្រួត ពិនិត្យសុខភាព ហើយនឹងពន្យារពេលការវិលត្រឡប់ចូលស្រុក ដែលគ្រោងដំបូង នៅថ្ងៃទី ១០ ខែសីហា ប្រហែល ពីរបីសប្តាហ៍ទៀត ។

លោកថា “ខ្ញុំចង់ពន្យារពេលថ្ងៃត្រឡប់ ទៅប្រទេសថៃវិញ ចាប់ពី (១០ សីហា) រហូតដល់មិនលើសពីពីរសប្តាហ៍ ។ ខ្ញុំនឹងជូនដំណឹងដល់កាលបរិច្ឆេទ និងពេលវេលាម្តងទៀត។ គ្រូពេទ្យហៅខ្ញុំទៅពិនិត្យសុខភាព” ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ អនុមេដឹកនាំគណបក្សភឿថៃ លោក Phumtham Wechayachai បានទទូចថា ផែនការវិលត្រឡប់ របស់លោក ថាក់ស៊ីន ទៅកាន់ប្រទេសកំណើត របស់លោក នៅតែមិនផ្លាស់ប្តូរ ដោយបដិសេធពាក្យចចាមអារ៉ាម អំពីការពន្យារពេលវិលត្រឡប់របស់លោក។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពីគណបក្សភឿថៃ មួយផ្សេងទៀតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវិលត្រឡប់មកវិញ របស់លោកស្រីថាក់ស៊ីន នឹងត្រូវពន្យារពេលរហូតដល់រដ្ឋាភិបាលដឹកនាំ ដោយគណបក្សភឿថៃ ត្រូវបានបង្កើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top