ស្វាយរៀង ៖ នៅក្នុងវេទិកាសាធារណៈ ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ក៏បានណែនាំ ដល់ប្រជាពលរដ្ឋ ពេលបាត់អត្តសញ្ញាណប័ណ្ណ ឬផុតកំណត់ត្រូវរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើឯកសារស្នើ សុំធ្វើអត្តសញ្ញាណប័ណ្ណថ្មី នឹងស្នើដល់ អាណាព្យាបាល ឪពុកម្ដាយ កុំលួចកែសំបុត្រកំណើតដោយចិត្តឯង ដើម្បីឲ្យគ្រប់អាយុ ចូលធ្វើការងាររោងចក្រ វាជារឿងខុសច្បាប់។
អធិការនគរបាលក្រុងបាវិត បានបញ្ជក់ទៀតថា ការលួចកែសំបុត្រកំណើតដោយចិត្តឯង ដើម្បីឲ្យគ្រប់អាយុ ចូលធ្វើការងាររោងចក្រ នាំឲ្យពិបាកដល់សមត្ថកិច្ច ជំនាញ ក្នុងការធ្វើអត្តសញ្ញាប័ណ្ណ ព្រោះសំបុត្រកំណើតទាំងអស់ របស់ប្រជាពលរដ្ឋ គឺមានតម្កល់ទុកគល់បញ្ជី នៅសាលាក្រុងស្រាប់ រួចហើយ ។
លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា ចំពោះក្រុមហ៊ុនដីឡូតិ៍អេរ៉ូ មែន ដែលទាន់ចេញប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋនេះ រយៈកាលកន្លងមកអាជ្ញាធរ បានខិតខំដោះស្រាយ ជាបន្តបន្ទាប់ដែរ តែភាគីអ្នកលក់ដី ឲ្យក្រុមហ៊ុននិងក្រុមហ៊ុនអេរ៉ូ មែន គឺមិនព្រមចូលរួមដោះស្រាយ ។ ចំពោះការទិញដីឡូតិ៍នេះដែរ លោកអភិបាលក្រុងបាវិត បានផ្ដល់អនុសាសន៍ ចំនួន៤ ចំណុចសំខាន់ ៖
ទី១.ផ្អាកការលក់ដូរដី នៅលើទីតាំងដីឡូតិ៍អេរ៉ូមែន ដើម្បីរង់ចាំការដោះស្រាយឱ្យសមស្របណាមួយ
ទី២.បន្តការដោះស្រាយ ចំពោះដីឡូតិ៍នេះ តាមយន្តការវិវាទក្រៅប្រព័ន្ធតុលាការ
ទី៣.ពលរដ្ឋដែលបានទិញដីនៅក្រុមហ៊ុន ដីឡូអេឡូមែន គឺអាចអាស្រ័យផលនៅលើទីតាំងដីនេះបានដដែល ដោយពលរដ្ឋទិញដីនៅឡូតិ៍ណា គឺអាចអាស្រ័យផលបាន នៅលើឡូតិ៍នោះបាន ។
ទី៤. អាជ្ញាធរសង្កាត់ ត្រូវពិនិត្យមើលនិងតាមដានលើករណីដីនេះ ហើយមិនឲ្យភាគី ណាមួយមកបង្ករ បញ្ហាក៏ដូចជាបំផ្លិច បំផ្លាញទ្រព្យ សម្បត្តិ របស់ពលរដ្ឋនោះទេ តែបើមានត្រូវតែថតវីដេអូ ទុកឯកសារ និងប្ដឹងមកសមត្ថកិច្ច និង ស្ថានប័នតុលាការ ដើម្បីមានចំណាត់ការ ។
ចំពោះការលើកឡើង របស់លោកអភិបាលក្រុងបាវិតចំនួន៤ចុំណុចនេះ ពលរដ្ឋយល់ព្រមនិងទទួលយកបាន នូវការផ្តល់អនុសាសន៍នេះផងដែរ ។
បន្ថែមលើសពីនេះលោកអភិបាលក្រុង ក៏បានដោះស្រាយរាល់ការសំណូមពរ របស់ប្រជាពលរដ្ឋ ដូចជាការដាក់លូរំដោះទឹក បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ បញ្ហាក្មេងទំនើង នៅមូលដ្ឋាន ការព្រលែងសត្វពាហនៈពាសវាលពាសកាល និងបានដោះស្រាយ បានមួយចំនួនធំផងដែរ ៕