ព័ត៌មានជាតិ

ហ៊ានណាស់! ចោរថ្លើមធំគាស់កញ្ចក់ទ្វារផ្ទះ ចូលលួចសោរថយន្ត រួចបញ្ឆេះបើក ចេញទៅបាត់

ភ្នំពេញ៖ ចោរថ្លើមធំហ៊ាន ធ្វើសកម្មភាពគាស់កញ្ចក់ផ្ទះ ចូលលួចសោរថយន្ត រួចបញ្ឆេះបើកចេញទៅបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣។

តាមការរៀបរាប់របស់ជនរងគ្រោះជាម្ចាស់រថយន្ត បានឱ្យដឹងថា រថយន្តដែលត្រូវបានចោរលួចនោះ គឺម៉ាក Starex ពណ៌ស ពាក់ស្លាកលេខសៀមរាប 2C 0060។ ជនរងគ្រោះ រៀបរាប់ថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះបាន ជិះរថយន្តមកផ្ទះ ហើយចតនៅចំណុចលើផ្លូវបេតុង ផ្ទះលេខ P១១ បុរី PRS ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចហើយក៏ដកសោរថយន្តទៅទុកនៅលើ បង្កាន់ដៃជណ្ដើរក្នុងផ្ទះ និង បានចូលសម្រាកក្នុងផ្ទះ។ លុះ រហូតដល់ម៉ោង ៦ និង ០០ នាទី ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ ពេលខ្លួនបានចេញពីផ្ទះវិញ គឺមិនឃើញរថយន្តដែលចតនោះឡើយ ក៏ផ្អើលឆោឡោឡើងហើយបានចូលទៅមើលក្នុងផ្ទះ ទើប ឃើញស្នាមគាស់កញ្ចក់ទ្វារក្រោយ និង បាត់សោរថយន្តដែលទុក នោះ។ ពេលទៅឆែកកាមេរ៉ាសុវត្ថិភាព ទើបបានឃើញមាន ចោរគាស់ចូលលួច។

ក្រោយជួបរឿងហេតុនេះ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលគោករកាផងដែរ ខណៈគិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៣នេះ ពុំទាន់រកឃើញអត្តសញ្ញានជនសង្ស័យជាចោរនោះឡើយ។

ពាក់ព័ន្ធករណីនេះម្ចាស់រថយន្ត បានអំពាវនាវដល់សមត្ថកិច្ច ជួយអន្តរាគមន៍តាមវែកមុខជនសង្ស័យឲ្យបានឆាប់រហ័ស យកមកផ្ដន្ទាទោសតាមច្បាប់ ។ ម្ចាស់រថយន្ត ក៏បាន សូមអំពាវនាវដល់មហាជន បើសិនបានឃើញភិនភាគ រថយន្តដូចខាងលើនេះ និងចោរដែលមានដូចក្នុងរូប សូមទាក់ទងទៅសមត្ថកិច្ច ឬ ទាក់ទងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Nhang Maly ៕

To Top