ភ្នំពេញ ៖ លោក គិន ភា មន្រ្តីជាន់ខ្ពស់ នៃរាជបណ្ឌិតសភា កម្ពុជា បានបង្ហាញក្តីរំពឹងទុកជាមុនថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជាថ្មី ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែតជាឈាមថ្មី នឹងអនុវត្តគោល នយោបាយ ការបរទេស ប្រកបដោយភាព បត់បែន និងឆ្លាតវៃ ជាពិសេសកាន់តែធ្វើឲ្យមាន ទំនាក់ទំនងយ៉ាងស៊ីជម្រៅ និងយុទ្ធសាស្រ្តីគ្រប់ជ្រុងជ្រោយ ជាមួយសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)បន្ថែមទៀត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រ ទើបតែចេញព្រះរាជក្រឹត្យ ឡាយព្រះហស្តលេខាចាត់ តាំងជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃ៧ សីហាដើម្បីរៀបចំសមាសភាព រាជរដ្ឋាភិបាលថ្មី ។
កម្ពុជា-កូរ៉េខាងត្បូង មានទំនាក់ទំនងជាមួយគ្នាឡើងវិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ក្រោមគំនិតផ្តួចផ្តើម ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក គឹម យ៉ុងសាន ជាប្រធានាធិបតីកូរ៉េខាងត្បូងនៅពេលនោះ។ សម្រាប់ភ្ជាប់ទំនាក់ទំនង ផ្នែកការទូតឡើងវិញ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ ក៏បានផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅវិញទៅមកជាហូរហែរផងដែរ ដោយសម្តេចតេជោធ្លាប់ បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង កាលពីអំឡុងឆ្នាំ១៩៩៦ , ២០០១ , ២០០៦ , ២០០៨ , ២០០៩ និង២០១៤ ។ ចំពោះមេដឹកនាំកូរ៉េខាងត្បូងវិញ ក៏បានមកបំពេញទស្សនកិច្ចកម្ពុជា បន្តបន្ទាប់ដែរ។
សម្រាប់ថ្នាក់ដឹកនាំកម្ពុជាថ្មី ដែលជាឈាមថ្មី ហើយបន្តវេន ពីសម្តេចតេជោ ជាឪពុកបង្កើតនឹងកាន់តែបង្កើនកិច្ច សហប្រតិបត្តិការជាមួយគ្នាដ៏កម្រិតណាទៀតនោះ លោក គិន ភា ជាអ្នកវិភាគនយោបាយ នៅកម្ពុជាមួយរូបដែរនោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ សីហា ថា នឹងកាន់តែធ្វើឲ្យមានយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយបន្ថែមទៀត ក្នុងគ្រាដែលកូរ៉េខាងត្បូងកំពុងដាក់កែវភ្នែកផ្ចុងតម្រង់មកតំបន់អាស៊ីអាគ្នេយ៍ដែលជា យុទ្ធសាស្រ្តមួយរបស់ឥណ្ឌូប៉ាស៊ីហ្វិក ។
លោកសង្កត់ធ្ងន់ថា “ខ្ញុំគិតថា ជាឱកាសដ៏ប្រសើរដែលកម្ពុជា ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ របស់ខ្លួនកាន់ តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ជាមួយសាធារណរដ្ឋកូរ៉េ ស្របជាមួយនឹង យុទ្ធសាស្រ្តថ្មីរបស់សាធារណរដ្ឋកូរ៉េ សម្លឹងមក អាស៊ីអាគ្នេយ៍របស់យើង ដែលជាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលផ្តោតទៅលើការ ពង្រីកមិត្តភាព កិច្ចប្រតិបត្តិការជា មួយបណ្តាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ ។ ដូច្នេះយើងទាញ យកកាលានុវត្តភាព ដើម្បីជម្រុញទំនាក់ទំនង រវាងប្រទេស ទាំង២(កម្ពុជា-កូរ៉េ)ឲ្យដល់កម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីធានាផលប្រយោជន៍ទៅវិញទៅមក” ។
លោកថា ចំពោះទំនាក់ទំនងនេះ គឺជាធ្វើដំណើរការផ្នែកការទូតគ្រប់ជ្រុងជ្រោយ ទៅកាន់គ្រប់ប្រទេសឲ្យច្រើនទៀត ។ ជាក់ស្តែងកម្ពុជាមានរួចហើយជាមួយចិន និងជប៉ុនជាដើម ប៉ុន្តែបើកម្ពុជាមានជាមួយកូរ៉េថែមទៀតរឹតតែល្អ ។
សម្រាប់គម្រោងទំនាក់ទំនងដូចរៀបរាប់ខាងលើនេះ ក៏ត្រូវលោក គិន ភា កោតសរសើរលោកបណ្ឌិត ហ៊ុន ម៉ាណែតទុកជាមុនថា នឹងជាមេដឹកនាំចេះបត់បែន និងមានភាពឆ្លាតវៃ លើទំនាក់ទំនងការបរទេស ។
ដោយឡែក ករណីស្ពាន ដែលភាគីកូរ៉េសន្យាធ្វើឲ្យកម្ពុជា ឆ្លងទន្លេមេគង្គវិញ លោកគិន ភា ក៏បានបង្ហាញការរំពឹងថា រាជរដ្ឋាភិបាលថ្មីនឹងពន្លឿន ឲ្យមានការសាងសង់ នាពេលឆាប់ៗខាងមុខជាមិនខាន ។ ក្នុងនោះជំនួយធំៗ ផ្សេងទៀតក៏ដូចគ្នាអីចឹងដែរ នឹងផ្តល់ពីកូរ៉េមកកម្ពុជា ជាបន្តបន្ទាប់ ៕
