ព័ត៌មានអន្តរជាតិ

ឱនភាពថវិការបស់រុស្ស៊ី មានចំនួន ១,៨ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប ក្នុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣

ម៉ូស្គូ៖ យោងតាមរបាយការណ៍ ដែលផ្តល់ដោយក្រសួង ហិរញ្ញវត្ថុរុស្ស៊ី​បានឱ្យដឹងថា ឱនភាពថវិកាសហព័ន្ធរបស់រុស្ស៊ីមានចំនួន ១,៨ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស ឬ ២,៨១៧ ពាន់ពាន់លានរូប្លែ (ប្រហែល ២៨,៩ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។

ក្រសួងបានឲ្យដឹងថា “យោងតាមការប៉ាន់ប្រមាណបឋមបរិមាណ នៃការចំណាយថវិកាសហព័ន្ធមានចំនួន ១៧,៣៤១ ពាន់ពាន់លានរូប្លែ (ប្រហែល ១៧៨,៣ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ៧ខែនៃឆ្នាំ ២០២៣” ដោយបន្ថែមថា តួលេខទាំងនេះលើស ពីបរិមាណចំណាយក្នុងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយ ១៤ ភាគរយ។

បរិមាណនៃប្រាក់ចំណូលថវិកាសហព័ន្ធមានចំនួន ១៤,៥២៥ ពាន់ពាន់លានរូប្លែ (ប្រហែល ១៤៩,៣ពាន់លានដុល្លារអាមេរិក) ក្នុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ដែលទាបជាងបរិមាណនៃប្រាក់ចំណូលក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួន ៧,៩ភាគរយ។

ក្រសួងបានឲ្យដឹងទៀតថា មាននិន្នាការវិជ្ជមាន គួរឱ្យកត់សម្គាល់ទាក់ទងនឹង ចំណូលមិនមែនប្រេង និងឧស្ម័នសំខាន់ៗ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រាក់ចំណូលមិនមែនប្រេង និងឧស្ម័នមានចំនួន ១០,៣៣២ ពាន់ពាន់លានរូប្លែ (ប្រហែល ១០៦,២ពាន់លានដុល្លារអាមេរិក) និងកើនឡើង ១៩,៨ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលពីប្រេង និងឧស្ម័នមានចំនួន ៤,១៩៣ ពាន់ពាន់លានរូប្លែ (ប្រហែល ៤៣,១ ពាន់លានដុល្លារអាមេរិក) ហើយបានថយចុះ ៤១,៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top