បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហើបថា យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីព្រឹកថ្ងៃសៅរ៍ លើតំបន់គ្រីមៀ ដោយរុស្ស៊ី បានហៅការលុកលុយនេះថា ជាការប៉ុនប៉ងវាយប្រហារភេរវកម្មដោយអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានសរសេរនៅលើ Telegram ថា យន្តហោះគ្មានមនុស្សបើក ចំនួន ១៤ គ្រឿងត្រូវបានបាញ់ទម្លាក់ ខណៈ ៦ គ្រឿងផ្សេងទៀត ត្រូវបានធ្វើឱ្យលែងមានសមត្ថភាព ដោយសារសង្គ្រាមអេឡិចត្រូនិច។
ក្រសួងបានកត់សម្គាល់ថា៖ «មិនមានអ្នករងរបួសឬការខូចខាតជាលទ្ធផល នៃការវាយប្រហារភេរវកម្មដែលរារាំងទាន់ពេលនោះទេ»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា យន្តហោះគ្មានមនុស្សបើកដែលត្រូវបានបំផ្លាញ គឺបានកំណត់គោលដៅលើទីតាំងដែលមិនបានបញ្ជាក់នៅលើឧបទ្វីបនេះ។ ប៉ុន្មានម៉ោងមុននេះ លោក Oleg Kryuchkov ជំនួយការរបស់មេដឹកនាំតំបន់គ្រីមៀ លោក Sergey Aksenov បានសរសេរនៅលើបណ្តាញ Telegram របស់លោកថា “ការការពារដែនអាកាសត្រូវបានធ្វើឱ្យសកម្មលើផ្នែកផ្សេងៗនៃគ្រីមៀ” ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន យោធារុស្ស៊ី បានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ១០គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងទៀត ដែលបានប៉ុនប៉ងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់តំបន់គ្រីមៀ៕ ប្រែសម្រួលៈ ណៃ តុលា