ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានបញ្ចប់ បេក្ខភាព រាជរដ្ឋាភិបាលថ្មី ក៏ត្រូវបានចាត់តាំងរួចជាស្រេច រងចាំថ្ងៃស្បថចូលកាន់តំណែង និងចូលបម្រើប្រជាពលរដ្ឋ តាមតួនាទីតែប៉ុណ្ណោះ ។ ជាក់ស្តែង រដ្ឋាភិបាលសម្រាប់អាណត្តិថ្មី ក៏ត្រូវបានផ្លាស់ប្តូរ ឥស្សរជនជាច្រើនរូបផងដែរ តួរយ៉ាង រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏ត្រូវបានមហាជន គ្រប់មជ្ឈដ្ឋានដឹងថា លោកក៏នឹងត្រៀម ចាកចេញពីតួនាទី ជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ ។
ក្នុងសារគោរព ថ្លែងអំណរគុណ និងប្រៀបបានជាការ រំលឹកអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នា ក្នុងនាមជាអ្នកសារព័ត៌មាន លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានសរសេរសំណេរមួយ ដ៏មានអត្ថន័យ គោរពជូនដល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះថា “បងនៅក្នុងឧត្តមគតិរបស់ប្អូន! រៀមច្បងជាទីគោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត!
រយៈពេល៣០ឆ្នាំ បានកន្លងផុតទៅមួយប៉ព្រិចភ្នែក តែអនុស្សាវរីយ៏ បានបន្សល់ទុករាប់មិនអស់និង មិនអាចគណនាបាន ពីបងចំពោះរូបខ្ញុំ “។
លោក សយ សុភាព បានបន្តថា “បងមិនត្រឹមតែជាមេផ្ទាល់ទេ តែបងជាសាស្ត្រចារ្យដ៏ល្អសម្រាប់រូបខ្ញុំ និងថែមទាំងបានប្រៀនប្រដៅ នូវពាក្យពេចន៍មានតំលៃ មិនអាចគណនាបាន «ជិះទូកកុំមើលទឹករលក នៅជិតពេកក្តៅនៅឆ្ងាយពេករងារ»“។
ក្នុងនោះ លោក សយ សុភាព បាន បង្ហាញអារម្មណ៍របស់លោកទៀតថា “គ្រប់ពេលដែលខ្ញុំជួបនូវព្យុះរលកបោកបក់ ផ្នែកសតិអារម្មណ៍ ក្នុងសមរភូមិព័ត៌មាន បងប្រៀបបានដូចជាឪពុកឬម្តាយ មកគ្រងកូនមិនឱ្យភ័យញាប់ញ័រ រងារទេ។
ដោយសារតែប្រទេសជាតិ ស្គាល់តែការអភិវឌ្ឍន៍ ក្រោយពីសង្គ្រាមរលត់រលាយ ដោយកណ្តាប់ដៃទិព្វសន្តិភាព សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា បងបានទទួលភារកិច្ចថ្មី ពីព្រះឥន្ទកោសីទៅជួយបំពេញកិច្ចការ ជូនប្រទេសជាតិលើផ្នែកផ្សេង តែបងនៅតែជាមេកើយអស់មួយជីវិតរបស់ខ្ញុំ”។
ឆ្លៀតក្នុងឱកាសនោះ តាមរយៈសំណេររបស់លោក សយ សុភាព បានបន្ថែមថា “ខ្ញុំនិងខិតខំយកចំណេះដឹង ដែលបងបានបង្រៀនយកមកអនុវត្តន៍ ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងខិតខំថែរក្សាម រតកសារព័ត៌មាន មិនឱ្យខុសបំណងឡើយ។
ខ្ញុំសូមលំឱនកាយ គោរព និងចងចាំនូវឧត្តមគតិបងជានិច្ច និងលើកហត្ថបួងសួង ទេវតាតាមគ្រងបង បងស្រី និងក្រុមគ្រួសាររបស់បងជាដរាប។ សូមបងមេត្តាទទួល នូវសេចក្តីគោរពដោយស្មោះពីប្អូន!” ។
គួរឲ្យដឹងផងដែរថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ បានមានប្រសាសន៍ បង្ហើបឲ្យសាធារណជនដឹងថា លោក នេត្រ ភក្ត្រា នឹងឡើងមកគ្រប់គ្រងការងារ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួស លោក ខៀវ កាញារីទ្ធ នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕