ព័ត៌មានជាតិ

ពលករ ​​និង​និស្សិតខ្មែរនៅថៃ ប្រកាសគាំទ្រ​កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី​

ភ្នំពេញ៖ ពលករ និង សិស្សនិស្សិតខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ បានសម្ដែងការអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។
ការអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។

តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករមកពីគ្រប់តំបន់ផ្សេងៗគ្នាបានលើកឡើងព្រមៗគ្នាថា បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។

ពួកគេបាន សម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។  ពួកគាត់​ជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ។

ទន្ទឹមនឹងនោះ ពលករខ្មែរនៅតំបន់ផ្សេងទៀត បានកត់សម្គាល់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹងនិងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជាព្រោះលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានជំនាញនយោបាយ ហើយយោធាថែមទៀតផង៕

To Top