ព័ត៌មានជាតិ

វៀតណាម នៅតែជាប្រទេសមានភាពទាក់ទាញខ្លាំង សម្រាប់ការវិនិយោគ

រូបភាពពី៖​ XINHUA

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ទោះបីជាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងនិន្នាការវិនិយោគសកលក៏ដោយ ក៏ប្រទេសវៀតណាម បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគ ដោយសារការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសវិនិយោគរបស់ខ្លួន។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ដោយដកស្រង់សម្តីលោក Troy Griffiths នាយករងគ្រប់គ្រងក្រុមហ៊ុន Savills Vietnam ដែលជាអ្នកផ្តល់សេវាកម្មអចលនទ្រព្យវៀតណាមថា ការកែលម្អការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់រដ្ឋបាល និងការវិនិយោគលើមជ្ឈមណ្ឌលនវានុវត្តន៍នៅវៀតណាម កំពុងរួមចំណែកធ្វើឱ្យទីផ្សារកាន់តែមានភាពទាក់ទាញសម្រាប់អ្នកវិនិយោគអន្តរជាតិ។

វៀតណាម មានតម្រូវការខ្ពស់ ក៏ដូចជាទស្សនវិស័យ និងគុណសម្បត្តិជាច្រើនក្នុងការប្រណាំង ដើម្បីទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយភាគច្រើនគឺស្ថិរភាពនយោបាយ ទីតាំងភូមិសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធ ការលើកទឹកចិត្តដ៏ទាក់ទាញ និងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ការកើនឡើងយ៉ាងឆាប់រហ័ស នៃទំហំប្រជាជន និងការកែលម្អគុណភាព នេះបើយោងតាមលោក Nguyen Minh Phong អតីតប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច នៃវិទ្យាស្ថានហាណូយ សម្រាប់ការសិក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

សារព័ត៌មានក្នុងស្រុក Kinh te Viet Nam (សេដ្ឋកិច្ចវៀតណាម) បានរាយការណ៍ដោយស្រង់សំដីអ្នកជំនាញថា នាពេលខាងមុខ វៀតណាម ត្រូវធ្វើការលើដំណោះស្រាយគាំទ្រមិនមែនពន្ធសម្រាប់សហគ្រាស FDI ដើម្បីរក្សាកំណើន និងគុណសម្បត្តិរបស់ខ្លួន។

ប្រទេសនៅអាស៊ីអាគ្នេយ៍បានទាក់ទាញការវិនិយោគបរទេសដែលបានប៉ាន់ប្រមាណជាង ១៥,៤១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៧ ខែដំបូង នៃឆ្នាំនេះធ្លាក់ចុះ ៧,១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ 

យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នា ដើមទុន FDI ដែលត្រូវបានបញ្ចេញមានចំនួនសរុប ១១,៥៧ ពាន់លានដុល្លារ កើនឡើង ១០,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាតួលេខខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរខែដែលបានកត់ត្រាក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top