ព័ត៌មានជាតិ

សិស្សដែលបាត់បង់​ ឱកាសសិក្សាចំនួន 5,400នាក់ នឹងទទួលបានអត្ថប្រយោជន៍ ពីគម្រោងសិក្សាពីចម្ងាយ តាមប្រព័ន្ធឌីជីថល

ខេត្តរតនគិរី ៖ ក្នុងកិច្ចសហការ ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នៃក្រសួងអប់រំ យុវជន និង កីឡា គម្រោង «ការលើកកម្ពស់គុណភាព សិក្សាសម្រាប់កុមារ ដែលបាត់បង់ឱកាសសិក្សា នៅភូមិភាគ ឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា (EQUAL)» នឹងគាំទ្រដល់សិស្ស ដែលបាត់បង់ឱកាសសិក្សា ចំនួន 5,400 នាក់ ឱ្យចូលរៀនឡើងវិញ ។ គម្រោងនេះមានគោលបំណង ជួយដល់កុមារ ដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ ការសិក្សានៅខេត្តរតនគិរី ឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេ តាមរយៈកម្មវិធីសិក្សាពី ចម្ងាយ តាមប្រព័ន្ធឌីជីថល ។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីបានពន្យល់ ថា៖ «ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS) នៃខេត្តរតនគិរី ឆ្នាំ 2021-2022 បានឱ្យដឹងថា អត្រាចុះឈ្មោះ របស់កុមារ មានចំនួន 49,6% អត្រាកុមារត្រួតថ្នាក់មានចំនួន 5,5% អត្រាកុមារឆ្លងមធ្យមសិក្សាបឋមភូមិមានចំនួន 78,1% ហើយអត្រាឆ្លងមធ្យមសិក្សាទុតិយភូមិ មានចំនួន 77%។»

លោកបានលើកឡើងថា ៖ “ការសិក្សានៅកម្រិតបឋមសិក្សារបស់ក្មេងស្រីនៅភូមិភាគឦសាន រួមទាំង ខេត្តរតនគិរី កំពុងប្រឈមមុខនឹងបញ្ហា ក៏ដូចជាឧបសគ្គជាច្រើន រួមមានសម្ភារៈឧបទ្ទេសសិក្សានៅមាន កម្រិត ប្រព័ន្ធការពារមានកម្រិតសម្រាប់ក្មេងស្រី សាលានៅឆ្ងាយពីភូមិរបស់ពួកគេ និងសមត្ថភាពរបស់គ្រូ ក៏នៅមានកម្រិត”។

លោកនាយកប្រចាំប្រទេសស្តីទី បានបន្តទៀតថា ៖ ដើម្បីដោះស្រាយបញ្ហា ប្រឈមទាំងនោះ យើងត្រូវរៀបចំ បទអន្តរាគមន៍មួយចំនួន ដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបាននូវចំណេះដឹង ជំនាញ អាកប្បកិរិយា លទ្ធផលសិក្សា និងបង្កើនអត្រាចុះឈ្មោះចូលរៀន សម្រាប់កុមារដែលលើសអាយុ និង កុមារបាត់បង់ឱកាសសិក្សា គម្រោងការសិក្សាពីចម្ងាយ ប្រព័ន្ធឌីជីថល អាចជាដំណោះស្រាយមួយក្នុង ចំណោមដំណោះស្រាយទាំងនោះ ។

គម្រោង«ការលើកកម្ពស់គុណភាព សិក្សាសម្រាប់កុមារ ដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាន នៃប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដោះស្រាយបញ្ហាសិទ្ធិទទួលបានការអប់រំ របស់ ក្មេងស្រី និងកុមារបាត់បង់ឱកាសសិក្សា ក្នុងសហគមន៍ដាច់ស្រយាល និងក្រីក្រក្នុងខេត្តរតនគិរី ជាពិសេសក្មេងស្រី និងក្មេងប្រុស ដែលបានបាត់បង់ឱកាសសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា អត្រាគង់វង្សរបស់សិស្ស និងពង្រឹងគុណភាពអប់រំ ។

លោក គឹមថាន បានពន្យល់ថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សិស្សានុសិស្ស សរុបចំនួន 5400 នាក់ ដែលបាត់បង់ឱកាសការសិក្សា និងកុមារប្រឈមការបោះបង់ការសិក្សា នៅសាលា គោលដៅចំនួន 25 ក្នុងស្រុកចំនួន 4 ក្នុងខេត្តរតនគិរី ។
លោកបន្តថា៖ “គម្រោងនេះនឹងរៀបចំបរិក្ខារសិក្សា តាមប្រព័ន្ធឌីជីថល នៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន10 ក្នុងស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិត សម្រាប់ថ្នាក់រៀន។ គ្រូបង្រៀននៅក្នុងទីក្រុងនឹងបង្រៀននិងភ្ជាប់ទំនាក់ទំនងជាមួយសិស្សនៅ តាមសាលាគោលដៅតាមរយៈ ហ្សូម (Zoom) និង Google Meet ក្នុងពេលតែមួយ ហើយសិស្សអាចធ្វើអន្តរកម្ម និងសួរសំណួរទៅកាន់ គ្រូបាន ។”

លោក គឹមថាន សង្កត់បន្ថែមទៀតថា៖ យើងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សាតាមប្រព័ន្ធ ឌីជីថល ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន10 ដែលសម្រាប់ សាលាកម្រិតវិទ្យាល័យចំនួន8សាលា បង្រៀន 4មុខវិជ្ជា គឺ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស ហើយសម្រាប់សាលាកម្រិតអនុវិទ្យាល័យចំនួន2សាលា បង្រៀន 3មុខវិជ្ជា រួមមាន គណិតវិទ្យា គីមីវិទ្យា និងភាសាខ្មែរ។ គម្រោងនេះ នឹងមានការបង្ហាត់បង្រៀនជាប្រចាំ ដើម្បីធានាថា គ្រូបង្រៀនទាំងអស់អនុវត្តវិធីសាស្រ្តបង្រៀនបែបថ្មី និងធ្វើការ ប្រជុំឆ្លុះបញ្ចាំងដើម្បីរៀបចំផែនការ ពាក់កណ្តាលឆ្នាំ ជាមួយលោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពង្រឹង ឆ្លុះបញ្ចាំង សិក្សាពីបទពិសោធន៍ និងរៀបចំផែនការសម្រាប់ឆ្នាំសិក្សាបន្ទាប់ ។

លោកគឹម ថាន បន្ថែមទៀតថា ៖ “គម្រោងនេះស្របតាមសូចនាកររបស់នាយកដ្ឋានបឋមសិក្សា របស់ ក្រសួង អប់រំ យុវជន និងកីឡា។ ទាំងនេះគឺ ជាការលើកកម្ពស់ និងពង្រឹងការអនុវត្តន៍គោលនយោបាយ សាលាកុមារមេត្រី ដែលបំពេញចន្លោះប្រហោង នៃការរៀន និងការបង្រៀន តាមរយៈវេទិកាសិក្សាឌីជីថល ពីចម្ងាយ។ ការកែលម្អលទ្ធផលសិក្សា របស់សិស្សនៅដើមឆ្នាំ និងកាត់បន្ថយអត្រាបោះបង់ការសិក្សា នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា៕ អត្ថបទ៖ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top