ហ៊ូស្តុន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី៣០ខែតុលានេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ សហរដ្ឋអាមេរិកលោក Cui Tiankai បានធ្វើការថ្លែងមួយទៅកាន់ព្រឹត្តិការណ៍ មួយក្នុងទីក្រុងហ៊ូស្តុនដោយប្រធានបទសំខាន់ ពាក់ព័ន្ធនឹងចំណងទាក់ទងទ្វេភាគីថាប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែជួយគ្នាទៅវិញទៅមកជាជាង ការព្យាយាមបិទទ្វារគ្នាទៅវិញទៅមកបែបនេះ។
លោក Cui បានបន្តទៀតដែរថា ប្រទេសទាំងពីរនឹងទទួលបានផលប្រយោជន៍ ប្រសិនបើនាំគ្នាធ្វើកិច្ចសហប្រតិបត្តិការប៉ុន្តែ នឹងបាត់បង់ប្រយោជន៍ដូចគ្នាពីការ ប្រឈមមុខគ្នាដូចបច្ចុប្បន្ននេះ ហើយចិនសង្ឃឹមថាការសន្ទនានិងការចរចា ជាមួយសហរដ្ឋអាមេរិកនឹងនៅតែអាចបន្តកើតឡើងដោយឈរ លើមូលដ្ឋានសមភាពនិងការគោរពគ្នាទៅវិញទៅមក។
គួរឲ្យដឹងដែរថា លោកឯកអគ្គរដ្ឋទូតរូបនេះ បានថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទ នៅឯសន្និសិទមានឈ្មោះថា Bush China ដែលរៀបចំឡើង ដោយមូលនិធិ George H.W. Bush Foundation សម្រាប់ទំនាក់ទំនង សហរដ្ឋអាមេរិកចិនដែលក្នុងនោះ មានមនុស្សដល់ទៅ១០០នាក់ មានប្រភពពីរដ្ឋាភិបាលទាំងសងខាង ក្រុមហ៊ុនឯកជនធំៗនិងក្រុមអ្នកជំនាញ នយោបាយបានចូលរួម៕
ប្រែសម្រួល: ស៊ុន លី