ភ្នំពេញ៖ ក្រោយមានការចុះសម្ព័ន្ធភាពជាមួយគ្នាបានមួយរយៈធំមក ពោលមុនការបោះឆ្នោតនោះ មកដល់ថ្ងៃទី១ កញ្ញា នេះ លោក យ៉ែម បុញ្ញឫទ្ធិ ជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសលាលែងចេញពីតំណែង និងបញ្ចប់កិច្ចព្រមព្រៀងជាមួយគ្នាទាំងអស់ ។
លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃ៣១ សីហា ម្សិលមិញ បានផ្ញើលិខិតមួយច្បាប់ជូនទៅលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សអំពីការលាលែងរបស់លោក ។ប៉ុន្តែនៅថ្ងៃ១ កញ្ញានេះ លោកបានប្រកាសជាសាធារណពីការឈប់នេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោកផ្ទាល់តែម្តង ។
សំណេរនៅលើបណ្តាញសង្គម ក៏មិនខុសពីខ្លឹមសារលិខិតលោកផ្ញើទៅលោក ញឹក ប៊ុនឆៃនោះទេ “ដូចអ្វីដែលខ្ញុំបានសន្យា ខ្ញុំសូមគោរពផ្ញើជូនឯកឧត្ដមប្រធាន នូវលិខិតលាលែងរបស់ខ្ញុំ។ វីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្ដមប្រធាន ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំ ដោយក្ដីគោរពកោតសរសើរបំផុត”។
ទោះបីជាយ៉ាងណាលោកមិនបាន បញ្ជាក់ពីមូលហេតុនៃការចាក់ចេញ ពីគណបក្សខ្មែររួបរួមជាតិដែលមាន លោក ញឹក ប៊ុនឆៃជាប្រធាននោះទេ ។
សូមបញ្ជាក់ថា លោក យ៉ែម បុញ្ញឫទ្ធិ ជាអតីតមន្រ្តីជាន់ខ្ពស់នៃ អតីតគណបក្សសង្គ្រោះជាតិ ហើយក៏ជាមនុស្សជំនិតរបស់លោក កឹម សុខា ផងដែរ ប៉ុន្តែបន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ហើយហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ ក្រោយទទួលបានសិទ្ធិមកវិញ លោកក៏បានបង្កើតគណបក្សមួយឈ្មោះថា “កម្ពុជានិយម” ចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដល់ខែតុលា ឆ្នាំ២០២២ លោកបានច្របាច់បញ្ចូល ជាមួយគ្នាខ្មែររួបរួមជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយលោក ញឹក ប៊ុនឆៃ ជាប្រធាន ហើយលោកជាអនុប្រធាន៕